៥ថ្ងៃ មានពលរដ្ឋទទួលសេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ ជាង១១ម៉ឺននាក់
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋ មកទទួលសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី៩ ដល់១៣ តុលា) ចំនួនសរុប ១១៣.៧០៦នាក់ ធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ មានអ្នកដំណើរកើនឡើង ចំនួន ២១.១៨៥នាក់ ស្មើ២៣% ។

តាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រសិនបើក្នុងប្រជាពលរដ្ឋម្នាក់ ចំណាយអស់ចន្លោះពី ៦០.០០០រៀល ទៅ៨០.០០០រៀល គឺឃើញថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អាចជួយសន្សំថវិកាជូនប្រជាពលរដ្ឋ បានចន្លោះពី ១,៧លានដុល្លា ទៅ២,២៧លានដុល្លាអាមេរិច ជាមធ្យម។

គួរបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរ ទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៕

