Feature

វៀតណាម នាំចេញទូរស័ព្ទដៃកើនឡើង ២០% គិតជាប្រាក់ដល់ ៥១,៨ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូង

បរទេស៖ ការនាំចេញទូរស័ព្ទដៃ និងគ្រឿងបន្លាស់របស់ប្រទេសវៀតណាម បានកើនឡើង ២០ ភាគរយធៀបនឹងឆ្នាំមុន ដល់ជិត ៥១,៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដោយប្រទេសចិន សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ មានចំណែកជាងពាក់កណ្តាលនៃចំនួនសរុប។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យពីនាយកដ្ឋានគយវៀតណាមចំណុះក្រសួងហិរញ្ញវត្ថុ បានឱ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារទាំងបីនេះមានតម្លៃសរុប ២៦,១៨ ពាន់លានដុល្លារ ឬស្មើនឹង ៥០,៦ ភាគរយនៃការនាំចេញសរុបសម្រាប់ក្រុមផលិតផលនេះក្នុងអំឡុងពេលនោះ។

ប្រទេសចិនគឺជាគោលដៅនាំចេញធំជាងគេ ដោយមានតម្លៃនាំចេញ ១១,៣ ពាន់លានដុល្លារ បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលមានតម្លៃ ៩,៤៨ ពាន់លានដុល្លារ និងកូរ៉េខាងត្បូងដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារ។

ការដែលការនាំចេញផ្តោតខ្លាំងទៅលើទីផ្សារធំៗទាំងបីនេះ ធ្វើឱ្យវិស័យនេះងាយរងផលប៉ះពាល់ពីការផ្លាស់ប្តូរតម្រូវការ និងស្ថានភាពទីផ្សារនៅក្នុងប្រទេសគោលដៅទាំងនោះ។

ទីផ្សារសំខាន់ៗផ្សេងទៀតរួមមាន អារ៉ាប់រួម (UAE) ដែលមានការនាំចេញប្រហែល ២,៥ ពាន់លានដុល្លារ ជប៉ុន ២ ពាន់លានដុល្លារ ឥណ្ឌា ១,៨ ពាន់លានដុល្លារ អូទ្រីស ១,៧ ពាន់លានដុល្លារ និងអាល្លឺម៉ង់ ១ ពាន់លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសថៃមានចំនួនសរុបប្រហែល ៧៧១ លានដុល្លារ។

ទូរស័ព្ទដៃ និងគ្រឿងបន្លាស់នៅតែជាក្រុមផលិតផលនាំចេញដ៏សំខាន់មួយរបស់ប្រទេសវៀតណាម។ ការរក្សាកំណើននឹងមិនត្រឹមតែអាស្រ័យលើតម្រូវការនៅក្នុងទីផ្សារបរទេសសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើការពង្រីកសមត្ថភាពផលិតកម្ម និងការបង្កើនតម្លៃបន្ថែមនៅក្នុងស្រុកផងដែរ

ប្រែសម្រួលៈ តុលា

To Top