Feature

ក្រុមយន្តហោះដ្រូនវាយប្រហាររបស់អ៊ុយក្រែន គាំងដំណើរពេលហោះក្នុងល្បឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្កាយរណប Starlink និង Starshield

បរទេស៖ លោក Elon Musk បានបដិសេធថា លោកមិនបានបញ្ជាឱ្យក្រុមហ៊ុន SpaceX របស់លោក កំណត់ការប្រើប្រាស់សេវាកម្មទំនាក់ទំនងតាមផ្កាយរណប Starlink និង Starshield ដែលកងកម្លាំងអ៊ុយក្រែនប្រើប្រាស់សម្រាប់ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (drones) នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា មន្ត្រីអ៊ុយក្រែន និងមេបញ្ជាការនៅសមរភូមិមុខបាននិយាយថា ឧបករណ៍ទទួលសញ្ញា (terminals) ស្រាប់តែឈប់ដំណើរការនៅចន្លោះយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ខណៈពេលដែលយន្តហោះគ្មានមនុស្សបើកកំពុងហោះហើរក្នុងល្បឿនលឿនជាង ១០០ ម៉ាយក្នុងមួយម៉ោង (ប្រហែល ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង) ដែលធ្វើឱ្យរំខានដល់បេសកកម្មប្រយុទ្ធមួយចំនួន។ បញ្ហាដែលកើតឡើងចំពោះ Starshield ដែលជាសេវាកម្មសម្រាប់វិស័យយោធាស្រដៀងនឹង Starlink របស់ SpaceX នេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងដាក់សម្ពាធលើអ៊ុយក្រែនឱ្យបញ្ឈប់ការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយលោកបានចោទថា សកម្មភាពទាំងនេះជាមូលហេតុធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់។

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ពីភាគីអ៊ុយក្រែនថា៖ «ប្រព័ន្ធ Starshield គឺជាកម្មសិទ្ធិ និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ រាល់ការកំណត់លើល្បឿន ឬការប្រើប្រាស់ គឺត្រូវបានសម្រេចដោយយោធាអាមេរិក និងចុងក្រោយគឺដោយប្រធានាធិបតីសហរដ្ឋអាមេរិកផ្ទាល់»។ មុននេះ លោកបានលើកឡើងថា ការរំខាននេះអាចជា «កំហុស» មួយ ហើយបានបញ្ជាក់ថា លោកកំពុងខិតខំដោះស្រាយដើម្បីស្តារការតភ្ជាប់ឡើងវិញ។

លោក Musk ក៏បាននិយាយផងដែរថា ផ្កាយរណប Starlink គួរតែត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងស៊ីវិល និងគោលបំណងការពារខ្លួនប៉ុណ្ណោះ ដោយលោកអះអាងថា ការប្រើប្រាស់វានៅក្នុងប្រតិបត្តិការវាយប្រហារ គឺជារឿង «មិនសមរម្យសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មមួយ»។

ទោះបីជាលោក Trump មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការដាក់កម្រិតទាំងនេះក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Axios ថា រដ្ឋបាលរបស់លោក Trump មិនមានជាប់ពាក់ព័ន្ធអ្វីឡើយចំពោះការរំខានដល់សេវាកម្ម Starlink នេះ។

ប្រែសម្រួលៈ តុលា

To Top