ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការ បណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដល់គ្រឹះស្ថាន TVET
កំពង់ចាម ៖ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយកម្មវិធី ភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២០-២២ ខែតុលា) ស្តីពី «ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសិក្ខាកាមចំនួន ២៥នាក់ មកពីគ្រឹះស្ថាន TVET ចំនួន១១។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបំពាក់បំប៉នចំណេះដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន TVET ក្នុងការបញ្ជ្រាបវប្បធម៌សុវត្ថិភាព ទៅក្នុងកម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស ព្រមទាំងគាំទ្រ ដល់ការរៀបចំផែនការ សកម្មភាព និងការត្រួតពិនិត្យបរិយាកាសសិក្សាឱ្យមានសុវត្ថិភាព និងអនាម័យខ្ពស់មុនពេលពួកគាត់ឈានជើងចូលក្នុងទីផ្សារការងារ។

ថ្លែងក្នុងពិធីបើក លោក លឹម ស៊ុយហុង បានលើកឡើងពីភាពចាំបាច់នៃការអប់រំសុវត្ថិភាព និងសុខភាពការងារ ដោយសារតែសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី សារធាតុគីមី និង ឧបករណ៍សំណង់ជាដើម។ លោកគូសបញ្ជាក់ថា ប្រសិនបើគ្មានការ បំពាក់បំប៉នវិធានការការពារទុកជាមុននោះទេ ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ទាំងក្នុងពេលសិក្សា និងពេលចេញទៅបំពេញការងារ។ លោកបានសង្កត់ធ្ងន់ថា ការវិនិយោគលើចំណេះដឹងផ្នែកសុវត្ថិភាព គឺជាការវិនិយោគយូរអង្វែងលើធនធានមនុស្ស ដែលជួយបង្កើនផលិតភាព កាត់បន្ថយការខាតបង់ និងបង្កើតទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់និយោជក ។

ជាមួយគ្នានេះ លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានលើកឡើងថា គ្រូបង្រៀន និងថ្នាក់ដឹកនាំគ្រឹះស្ថានដែលបានចូលរួម គឺជាតួអង្គស្នូលក្នុងការនាំយកផែនការសកម្មភាពទាំងនោះទៅអនុវត្តបន្ត។ លោកបានក៏បានរំលឹកពីទស្សនៈគន្លឹះថា «សុវត្ថិភាព គឺជាផ្នែកមួយនៃជំនាញវិជ្ជាជីវៈ» ដោយលោកបានគូសបញ្ជាក់ថា អ្នកជំនាញពិតប្រាកដមិនត្រឹមតែធ្វើការបានលឿន ឬត្រូវបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចេះធ្វើការដោយមានសុវត្ថិភាពទាំងសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួនផងដែរ។

ការបណ្តុះបណ្តាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំមួយបន្ថែមទៀត ក្នុងការជំរុញគុណភាពបណ្តុះបណ្តាលបច្ចេកទេស ដើម្បីធានាថា ធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំងពលកម្មដែលមានទាំងជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕





