សម្តេចតេជោ ៖ ខ្ញុំជាមនុស្សតែម្នាក់គត់ មានវេទិកាចរចាច្រើនជាងគេ ក្នុងកិច្ចព្រមព្រៀងប៉ារីស
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍រំលឹកថា សម្តេច គឺជាមនុស្សតែម្នាក់គត់ ដែលមានវេទិកាចរចាច្រើនជាងគេ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។
ក្នុងឱកាសខួបលើកទី៣៥ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា បើក្រឡេកមើលទៅក្រោយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ វេលាម៉ោង៣ល្ងាចនៅទីក្រុងប៉ារីស ប្រទេសបារាំង មានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលនិយមហៅថា កិច្ចព្រមព្រៀងប៉ារីស ។

សម្តេចតេជោបន្តថា ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថា ដើមឈើបាន ។ ដូចគ្នានេះដែរ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានចាប់ផ្តើមពីជំនួបចរចា រវាងសម្តេចព្រះនរោត្តមសីហនុ ជាមួយរូបសម្តេចផ្ទាល់តែម្តង ដែលគេតែងនិយាយថា ជំនួបសីហនុ-ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ។
សម្តេចតេជោសង្កត់ធ្ងន់ថា បើគ្មានជំនួបសីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ។ ដោយភាគីពាក់ព័ន្ធបានប្រើពេលជាច្រើន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ ។
សម្តេចតេជោរំលឹកទៀតថា បើគិតពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺមានរយៈពេលចំនួន១,៤២១ថ្ងៃ ត្រូវជា២០៣សប្តាហ៍ ស្មើនឹង៤៦ខែ និង២១ថ្ងៃ ឬ៣ឆ្នាំ១០ខែ និង២១ថ្ងៃ ។

ជាមួយនឹងការរៀបរាប់ពីដំណើរការ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលសម្តេចតេជោ គឺជាស្ថាបនិកម្នាក់ដែរនោះ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំគឺជាមនុស្សតែម្នាក់គត់ ដែលមានវេទិកាចរចាច្រើនជាងគេ (ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេបជ្រាយ) ដែលអាចបញ្ជាក់ បាននៅត្រង់មួយទល់បី (ខ្ញុំហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះនរោត្តមសីហនុផង ជាមួយលោកតាសឺន សានផង ជាមួយខៀវ សំផនផង) ដែលពេលខ្លះ បានជួបដោយឡែក និងពេលខ្លះជួបរួម” ។
សម្តេចប្រធានព្រឹទ្ធសភាបន្ថែមថា រីឯដៃគូបរទេសមិនថា ប្រទេសគាំទ្រ ឬប្រទេសដែលមិនគាំទ្រ ក៏ត្រូវការជួបជាមួយសម្តេចដើម្បីពន្យល់គ្នា ឬស្វែងយល់ ឬស្វែងរកការស្រុះស្រួលគ្នា។ ដោយក្នុងវេទិកាចរចាសម្តេចតេជោសង្កត់ធ្ងន់ថា សម្តេចគឺជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជា និងប្រតិភូពីប្រទេសចូលរួមដែលចាប់ផ្តើមចរចានៅពេលសម្តេចអាយុ៣៥ឆ្នាំ និងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅពេលសម្តេចមានអាយុ៣៩ឆ្នាំ ៕
