មេសិទ្ធិមនុស្ស ប្រាប់អង្គការតស៊ូមតិ សិទ្ធិមនុស្សអាស៊ីថា ជនភៀសសឹកជាង២ម៉ឺននាក់ មិនអាចត្រឡប់ទៅផ្ទះវិញ
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តីកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់នាយកអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ីថា រហូតមកដល់សព្វថ្ងៃនេះ ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចត្រឡប់ ទៅលំនៅឋានវិញបាននៅឡើយ ។

ក្នុងជំនួបជាមួយលោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី លោក កែវ រ៉េមី សង្កត់ធ្ងន់ថា ទោះបីជាមានកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ក៏រហូតមកដល់បច្ចុប្បន្ន ជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋានវិញបាន ។

លោកថា ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង ។
ចំពោះបញ្ហានេះ នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី បង្ហាញការសោកស្តាយ ហើយលោកមានជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់លោក ថូម៉ាស អេនឌ្រូសអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំពោះបញ្ហាជនភៀសសឹកកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃការបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងសេចក្តីថ្លែងការណ៍ ក៏ដូចជាការថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអង្គការ សហប្រជាជាតិ លោក ថូម៉ាស អេនឌ្រូស បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវឱ្យមានដំណោះស្រាយបន្ទាន់ ចំពោះជនភៀសសឹកខ្មែរ ដែលរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ៕

