Feature

បេក្ខជនជាង ២ម៉ឺននាក់ នឹងចូលរួមប្រឡងគ្រូបង្រៀន កម្រិតបឋមសិក្សា

ភ្នំពេញ ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង បានប្រកាសពីការត្រៀម លក្ខណៈរួចរាល់ជាស្ថាពរ សម្រាប់ដំណើរការប្រឡង ជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានបេក្ខជនចូលរួមសរុប ២០,២៤៩នាក់ នៅតាមមណ្ឌលទាំង៦ ក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ នាថ្ងៃទី២៦ ខែតុលា ត្រូវបានរៀបចំឡើង ក្រោមការដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ។

ក្នុងកិច្ចប្រជុំនោះ លោក បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រធានមណ្ឌលទាំងអស់ ឱ្យចុះត្រួតពិនិត្យផ្ទាល់លើប្រព័ន្ធទឹក-ភ្លើង សន្តិសុខ និងសុខាភិបាល។

បន្ថែមលើនោះគឺ ការរៀបចំឱ្យបានសមរម្យនៅតាមមណ្ឌល ដោយសារបេក្ខជនប្រឡងរហូតដល់ ៧២% ជាស្ត្រី ក៏អាចមានកូនតូច និងអាណាព្យាបាលមកជាមួយ ព្រមទាំងការបន្ថែមការយកចិត្តទុកដាក់បន្ថែមដើម្បីធានាការគ្រប់គ្រងឱ្យបានល្អិតល្អន់។

លោក រដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ឱ្យគ្រប់អនុគណៈកម្មការទាំងអស់ បង្កើនស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងវិន័យ ដើម្បីធានាថាការប្រឡងនេះប្រព្រឹត្តទៅស្របតាមគោលការណ៍ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមិនអាចបន្លំបាន សំដៅរក្សា និងលើកកម្ពស់ទំនុកចិត្តពេញលេញពីសាធារណជន៕

To Top