ក្រុមមេដឹកនាំសិស្ស នៅប្រទេសបារាំងប្តេជ្ញា នឹងបន្តធ្វើបាតុកម្ម ទោះបីជាមានការសម្របសម្រួល ពីសំណាក់រដ្ឋាភិបាលលើវិស័យអប់រំ
បរទេស៖ ក្រុមមេដឹកនាំសិស្ស នៅប្រទេសបារាំងបានប្តេជ្ញាថា នឹងបន្តធ្វើបាតុកម្ម ទោះបីជាមានការសម្របសម្រួល ពីសំណាក់រដ្ឋាភិបាល លើវិស័យអប់រំក៏ដោយ ។ សកម្មភាពនេះនៅតែបន្តដាក់សម្ពាធ លើប្រធានាធិបតីបារាំងលោក Emmanuel Macron ខណៈដែលចលនានេះបានរីករាលដាលទៅដល់សហជីព និងសកម្មជនផ្សេងទៀត ដែលបង្កឱ្យមានភាពចលាចល និងធ្វើឱ្យផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា វិធានការទាំងនោះរួមមាន ការប្តេជ្ញាកំណត់ចំនួនសិស្ស ក្នុងថ្នាក់រៀនមួយចំនួននៅកម្រិតវិទ្យាល័យ, ការផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានអឺរ៉ូ (៤,៥ ពាន់លានដុល្លារ) សម្រាប់ការជួសជុលសាលារៀន និងការផ្លាស់ប្តូរប្រព័ន្ធចូលរៀននៅសាកលវិទ្យាល័យនៅត្រឹមឆ្នាំ ២០២៨ ដោយសារសិស្សមើលឃើញថាប្រព័ន្ធបច្ចុប្បន្នមិនមានភាពយុត្តិធម៌ក្នុងសង្គម។

លោក Louis Letoublon ដែលជាតំណាងសិស្សវិទ្យាល័យមួយរូប បានថ្លែងបន្ទាប់ពីលោក និងមេដឹកនាំសិស្សផ្សេងទៀត បានបញ្ចប់កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល នៅទីក្រុងប៉ារីសថា៖ «មិនមែនរាល់ការទាមទារ របស់យើងត្រូវបានបំពេញនោះទេ។ យើងនឹងបន្តតស៊ូ ទោះបីជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ»។
ការតវ៉ានេះបានពង្រីកវិសាលភាពហួសពីវិស័យអប់រំ ដោយមានការចូលរួមពីសហជីព និងក្រុមសកម្មជន «អាវកាក់ពណ៌លឿង» (yellow-vest activists) ដែលជាក្រុមគេស្គាល់តាមរយៈការស្លៀកអាវកាក់ពណ៌ភ្លឺច្បាស់។ ស្ថានភាពនេះកំពុងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់រដ្ឋាភិបាលរបស់លោក Macron ដែលមិនមានសំឡេងភាគច្រើននៅក្នុងសភា។
រដ្ឋាភិបាលមានលទ្ធភាពតិចតួចណាស់ ក្នុងការដោះស្រាយភាពចលាចលនេះតាមរយៈការចំណាយថវិកាបន្ថែម ដោយសារបំណុលជាតិ បានកើនឡើងជិតដល់ ១២០% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងពេលជាមួយគ្នានេះ ភាពវឹកវរកំពុងជួយបង្កើនការគាំទ្រដល់លោកស្រី Marine Le Pen ដែលជាមេដឹកនាំគណបក្សស្តាំនិយមជ្រុល និងជាបេក្ខជននាំមុខគេមួយរូប សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ។
