Feature

លោក ស៊ុន ចាន់ថុល ប្រាប់ទូតអាល្លឺម៉ង ពីការប្ដេជ្ញាចិត្ត របស់កម្ពុជាលុបបំបាត់ Scam ដើម្បីលើកកម្ពស់សុវត្ថិភាពសង្គម

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងប្រាប់ទូតអាល្លឺម៉ងថ្មី ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីលើកកម្ពស់សុវត្ថិភាពសង្គម។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាស លោកស្រី ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់តែងតាំង ជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបច្ចុប្បន្នភាពនៃស្ថានភាពក្នុងតំបន់ និងទូទាំងសកលលោក ដែលកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា ដែលទាមទារឱ្យមានភាពបុរេសកម្ម និងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ។

ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការផ្លូវការវាងរដ្ឋ និងវិស័យឯកជនដែលមានស្រាប់ និងត្រូវបានចាត់ទុកជាវេទិកាយុទ្ធសាស្ត្រផ្លូវការក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ធុរជននិងវិនិយោគិនអាល្លឺម៉ង់នៅកម្ពុជា បានទាន់ពេលវេលានិងមានតម្លាភាព។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការទាក់ទាញវិនិយោគិនអាល្លឺម៉ង់មកកាន់កម្ពុជាបន្ថែមទៀត។

លោក ឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា និងបានជម្រាបបន្ថែមពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីលើកកម្ពស់សន្តិសុខសុវត្ថិភាពសង្គម ក៏ដូចជាធានាបាននូវបរិយាកាសអាជីវកម្ម និងការវិនិយោគដ៏មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិនបរទេស៕

To Top