ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងទីផ្សារការងារ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីជាមួយលោក Reto Grüninger នាយកផ្នែកសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលគ្រូបង្គោល TVET ស្តីពីការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ” ក្រោមកម្មវិធី “មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា” ដំណាក់កាលទី៣ (DEY III)។ ពិធីនេះមានការចូលរួមពីលោក សុខ ណារិន តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញរបស់គ្រូបង្គោល និងគ្រូបង្រៀនផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម។ លោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ដើម្បីធានាថា ការបណ្តុះបណ្តាលផ្តល់នូវចំណេះដឹង និងជំនាញជាក់ស្តែងស្របតាមតម្រូវការទីផ្សារការងារ។

លោកស្រីបានបញ្ជាក់ថា ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ មិនត្រឹមតែជួយការពារអ្នកប្រើប្រាស់ និងធានាគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យ បង្កើនផលិតភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ការពង្រឹងជំនាញក្នុងវិស័យនេះ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាព ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា។

ជាមួយគ្នានេះ លោកស្រីបានណែនាំឱ្យគ្រូបង្គោល និងសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការសិក្សា ពិភាក្សា និងចែករំលែកបទពិសោធ ព្រមទាំងចំណេះដឹងពីការអនុវត្តជាក់ស្តែងនៅតាមគ្រឹះស្ថាន និងកន្លែងធ្វើការរៀងៗខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីវគ្គបណ្តុះបណ្តាលនេះ។ លោកស្រីក៏បានជំរុញឱ្យសិក្ខាកាមយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តក្នុងការបំពេញការងារ និងបន្តចែករំលែកដល់សហការី សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET នៅកម្ពុជា។

ក្នុងឱកាសនេះ លោក Reto Grüninger តំណាង SDC និងលោក សុខ ណារិន តំណាង UNIDO បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម និងទីផ្សារការងារ។ តំណាងទាំងពីរក៏បានបង្ហាញពីការបន្តគាំទ្រដល់ការអនុវត្តកម្មវិធី DEY III ជាពិសេសការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា៕









