ប្រតិភូក្រសួងការងារ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក គាត ពុធណារិទ្ធិ ប្រធាននាយកដ្ឋាន គ្រប់គ្រងការវិនិយោគ មូលនិធិសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក គាត ពុធណារិទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម ដែលត្រូវជាស្វាមីរបស់លោកស្រី ហ៊ន រ៉ូហ្សាណា បានទទួលមរណភាពនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ ។

ក្នុងឱកាសប្រកបដោយសេចក្តីខ្សឹកខ្សួល រំជួលចិត្ត និងក្រៀមក្រំនេះ លោកព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកប ដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគ និងសោកស្តាយស្រណោះអាឡោះអាល័យ ជាអនេកប្បការជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារនៃសព ។ លោកបានចាត់ទុកមរណភាពរបស់លោក គាត ពុធណារិទ្ធិ ជាការបាត់បង់ស្វាមី ឪពុកបង្កើត ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញ ដោយសមត្ថភាព ឧត្តមគតិការងារ និងបទពិសោធក្នុងវិស័យសន្តិសុខសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាច្រើនជូនក្រសួង និងប្រទេសជាតិ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក គាត ពុធណារិទ្ធិ សូមឆាប់បានយោនយកកំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



