Feature

គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៦៥,១%ហើយ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា គិតត្រឹមចុងខែតុលា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៦៥,១%ហើយ។

ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សាងសង់រយៈពេល ៤៨ខែ (គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨) ដោយបានបើកការដ្ឋានសាងសង់រួមគ្នា ជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ លោក ផន រឹម បានបញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង(ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវជាតិលេខ៧០B ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀត ដើម្បីធានាការសាងសង់ តាមផែនការដែលបានគ្រោងទុក៕

To Top