Feature

ជប៉ុន និងកម្ពុជា ចាប់ដៃគ្នា ជួយជនភៀសសឹកនៅព្រំដែន ខណៈភាគីទាំងពីរ ប្រកាន់ជំហរដោះស្រាយ វិបត្តិដោយសន្តិវិធី

បន្ទាយមានជ័យ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយថវិកា ១,៣ លានដុល្លារអាមេរិក តាមរយៈអង្គការ UNFPA និងដៃគូអន្តរជាតិ ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ពីវិបត្តិព្រំដែនកម្ពុជា-ថៃ ព្រមទាំងសម្តែងជំហរយ៉ាងមុតមាំ ក្នុងការគាំទ្រ ដំណោះស្រាយសន្តិវិធីតាមផ្លូវការទូត ។

សេចក្តីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ចំនួន ៣,៣១៨ កញ្ចប់ ជូនដល់ស្ត្រីនិងក្មេងស្រី នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកស្រី កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ជំនួយនេះជាផ្នែកមួយនៃកញ្ចប់សង្គ្រោះសរុប ៥,០០០ កញ្ចប់ ដែលត្រូវបែងចែកជូនជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែន រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

ក្នុងឱកាសនោះ ភាគីជប៉ុនបានប្តេជ្ញា បន្តជួយបន្ធូរបន្ថយភាពតានតឹង និងការពារសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ខណៈលោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបញ្ជាក់ឡើងវិញ ពីជំហរដាច់ខាតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមកិច្ចសន្ទនាការទូត ដើម្បីចៀសវាងការផ្ទុះអាវុធ និងធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងកងទ័ពជួរមុខ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top