ព័ត៌មានអន្តរជាតិ

ប្រភពចំនួន២បានឱ្យដឹងថា ជប៉ុនកំពុងពិចារណាលើផែនការ ចំណាយលើវិស័យ ការពារជាតិរហូតដល់ ៥០០ ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពចំនួនពីរ ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា រដ្ឋាភិបាល និងសម្ព័ន្ធភាពគណបក្សកាន់អំណាច របស់ជប៉ុន កំពុងពិចារណាដំឡើងថវិកា ការពារជាតិឱ្យកើនឡើង ជិតទ្វេដងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី Sanae Takaichi ក្នុងការពង្រឹងសមត្ថភាព យោធារបស់ប្រទេស។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប្រសិនបើត្រូវបានអនុម័ត ថវិកាសម្រាប់ពង្រឹងវិស័យការពារជាតិក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ ២០២៧ តទៅ នឹងត្រូវកំណត់ក្នុងចន្លោះពី ៧០ ទៅ ៨០ ពាន់ពាន់លានយ៉េន ស្មើនឹងប្រហែល ៤៥៧ ទៅ ៥០៨ ពាន់លានដុល្លារអាមេរិក។ ចំនួននេះគឺកើនឡើង ប្រហែល ១,៨ ដង បើធៀបនឹងថវិកាប្រមាណ ៤៣ ពាន់ពាន់លានយ៉េន ដែលបានបែងចែក នៅក្នុងផែនការ ៥ ឆ្នាំបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំសារពើពន្ធ ២០២៣។

តួលេខនេះអាចនឹងមានការផ្លាស់ប្តូរ ខណៈដែលរដ្ឋាភិបាលកំពុងរៀបចំ តាក់តែងថវិកាសម្រាប់ចុងឆ្នាំនេះ ព្រមទាំងធ្វើការកែសម្រួលឯកសារសំខាន់ៗចំនួន ៣ ពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា ខ្លួនមិនទាន់មានការអត្ថាធិប្បាយណាមួយនៅឡើយទេក្នុងពេលនេះ។

ប្រភពមួយបានឱ្យដឹងថា ថវិកាថ្មីនេះត្រូវបានរំពឹងថា នឹងយកទៅប្រើប្រាស់ សម្រាប់ការទិញសម្ភារៈផ្សេងៗ រួមទាំងយន្តហោះគ្មានមនុស្សបើក (Drones) ក្នុងចំនួនច្រើន។ ប្រភពដដែលបានបន្ថែមថា ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន បានធ្វើឱ្យថ្លៃដើមក្នុងការទិញសម្ភារៈការពារជាតិមានការកើនឡើង។

To Top