ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ គ្រោងចំណាយប្រាក់កម្ចី ពីសហភាពអឺរ៉ុបរហូតដល់ ១ ពាន់លានអឺរ៉ូ ទៅក្នុងគម្រោងការពារជាតិរួមគ្នា

គៀវ៖​ អ៊ុយក្រែនគ្រោង នឹងបែងចែកថវិកា ដែលទទួលបានពីប្រាក់កម្ចី របស់សហភាពអឺរ៉ុប ចំនួនរហូតដល់ ១ ពាន់លានអឺរ៉ូ ទៅក្នុងកម្មវិធីមួយដែលមានគោលបំណងពង្រឹងទំនាក់ទំនង រវាងឧស្សាហកម្មការពារជាតិរបស់ខ្លួន និងដៃគូនៅអឺរ៉ុប ដោយផ្តោតសំខាន់លើប្រព័ន្ធ ការពារដែនអាកាស និងមីស៊ីល យន្តហោះគ្មានមនុស្សបើក ប្រព័ន្ធប្រឆាំងយន្តហោះ គ្មានមនុស្សបើក និងគ្រាប់រំសេវ។

ចលនានេះនឹងផ្តល់មូលនិធិច្រើនជាងបួនដង សម្រាប់ឧបករណ៍គាំទ្រអ៊ុយក្រែន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ទូលំទូលាយដោយទីក្រុងព្រុចសែល និងទីក្រុងគៀវ ដើម្បីធ្វើសមាហរណកម្មឧស្សាហកម្មការពារជាតិរបស់ពួកគេ និងជំរុញការផលិតអាវុធ។

ក្រោមប្រាក់កម្ចីគាំទ្រអ៊ុយក្រែន សហភាពអឺរ៉ុប​ កំពុងផ្តល់ប្រាក់ចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងគៀវ ក្នុងឆ្នាំ ២០២៦ និង ២០២៧។ ដោយសារតម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែនកើនឡើង ទីក្រុងព្រុចសែល​ ថ្មីៗនេះបានយល់ព្រមនាំយកការទូទាត់មួយចំនួន ដើម្បីជួយបំពេញកង្វះខាតថវិការបស់អ៊ុយក្រែន។

យ៉ាងណាក៏ដោយ ទីក្រុងគៀវត្រូវបានគេរំពឹងថានឹងផ្ទេរ “មូលនិធិប្រាក់កម្ចីគាំទ្រអ៊ុយក្រែនរហូតដល់ ១ ពាន់លានអឺរ៉ូ ទៅកម្មវិធីឧស្សាហកម្មការពារជាតិ អឺរ៉ុប ឧបករណ៍គាំទ្រអ៊ុយក្រែន” នេះបើយោងតាមឯកសារសម្ងាត់ របស់គណៈកម្មការអឺរ៉ុបដែលទទួលបានដោយ Euronews។

យន្តការនេះ ដែលបច្ចុប្បន្នមានតម្លៃ ៣០០ លានអឺរ៉ូ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជំរុញផលិតកម្មរួមគ្នា រវាងអ៊ុយក្រែន និងអឺរ៉ុប តាមរយៈការបង្កើតសហគ្រាសរួម និងកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណ ព្រមទាំងសម្រួលដល់ការលទ្ធកម្មរួមគ្នា ដែលមានការចូលរួមពីក្រុមហ៊ុន ផលិតមកពីភាគីទាំងពីរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top