ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អាចបើកច្រកសមុទ្រហ័រមូសឡើងវិញ ក្នុងរយៈពេលពីរថ្ងៃ ប្រសិនបើអាមេរិក​ បំពេញតាមលក្ខខណ្ឌនានារបស់ខ្លួន

តេអេរ៉ង់៖​ ប្រទេសអ៊ីរ៉ង់​ បានឧ្យដឹងថា ខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការបើកច្រកសមុទ្រហ័រមូស ឡើងវិញក្នុងរយៈពេលពីរថ្ងៃ ប្រសិនបើភាគីអាមេរិក​ យល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន ។ កាលពីខែកញ្ញា នៅពេលដែលអ៊ីរ៉ង់​ បានស្នើគំនិតនេះទៅកាន់ ទីក្រុងវ៉ាស៊ីនតោនតាមរយៈប្រទេសកាតា ខ្លួនបានដាក់ចេញនូវក្របខ័ណ្ឌពេលវេលារយៈពេល​ ៧ថ្ងៃ។

លោក Esmaeil Baghaei អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់​ បានឧ្យដឹងថា៖ «លទ្ធភាពនៃការអនុវត្តផែនការ នេះក្នុងរយៈពេលពីរថ្ងៃ គឺជាសញ្ញាមួយទៀតដែលបង្ហាញពីជំហរស្មោះត្រង់របស់អ៊ីរ៉ង់»។

លោកបានបន្ថែមថា៖ «យើងបានបញ្ជាក់រួចហើយថា ប្រសិនបើការទាមទាររបស់អ៊ីរ៉ង់ត្រូវបានបំពេញ នោះវានឹងអាចធ្វើទៅបានក្នុងការស្តារសន្តិសុខឡើងវិញនៅច្រកសមុទ្រហ័រមូស និងបន្តដំណើរការចរចាឡើងវិញក្នុងរយៈពេលដ៏ខ្លី»។

លោកបានលើកឡើងថា មានការផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិកតាមរយៈភាគីសម្របសម្រួល ហើយ «អ្វីៗទាំងអស់គឺអាស្រ័យលើ» ថាតើភាគីសហរដ្ឋអាមេរិក​ នឹងទទួលយកការទាមទាររបស់អ៊ីរ៉ង់ដែរឬទេ។​ លោកបានពន្យល់ថា៖ «ទាល់តែពេលនោះហើយ ទើបយើងអាចពិភាក្សាអំពីដំណាក់កាលបន្តបន្ទាប់ទៀតបាន»។

លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់​ រួមមាន ការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់​ ដែលត្រូវបានបង្កកនៅបរទេស ការលុបចោលទណ្ឌកម្មលើវិស័យប្រេង និងការបញ្ចប់ការបិទផ្លូវសមុទ្រ ដោយកងទ័ពជើងទឹកអាមេរិកនៅតាមកំពង់ផែរបស់អ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងពីតម្រូវការបន្ថែមទៀត នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Al Jazeera ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន​ ក៏ត្រូវតែទទួលយកផ្លូវឆ្លងកាត់ថ្មីមួយតាមរយៈច្រកសមុទ្រ ដែលបានព្រមព្រៀងគ្នារវាងអ៊ីរ៉ង់ និងអូម៉ង់ ព្រមទាំងកាត់បន្ថយចំនួន កងទ័ពអាមេរិក​ នៅក្នុងតំបន់ និងលុបចោលទណ្ឌកម្មនានា ដែលបានដាក់ចេញចាប់តាំងពីខែសីហាមក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top