ព័ត៌មានជាតិ

កូវីដ១៩៖ នាយករដ្ឋមន្រ្តីថា ទោះកម្ពុជា មិនសូវទំនើបដូចគេ តែបានត្រួតពិនិត្យ សុខភាព អ្នកដំណើរគ្រប់ច្រក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាកម្ពុជា មិនសូវទំនើបដូចប្រទេសគេ ក៏ប៉ុន្តែកម្ពុជា បានខិតខំពង្រឹងការត្រួតពិនិត្យសុខភាព ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចេញចូល ក្នុងប្រទេសគ្រប់ច្រកទាំងអស់ ។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “កម្ពុជាទោះបី មិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំ ពង្រឹងការត្រួតពិនិត្យសុខភាព ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ ចេញចូលក្នុងប្រទេស គ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល” ។

សម្ដេចបញ្ជាក់ថា ចាប់តាំងពីថ្ងៃ ២០ ឧសភា កន្លងទៅកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៧នាក់ ហើយនៅថ្ងៃ២៦ មិថុនានេះ បានរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៩នាក់ថែមទៀត ដែលពួកគេទើបបានធ្វើដំណើរ មកពីប្រទេសឥណ្ឌូនេស៊ី។

សម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ជំងឺកូវីដ១៩ នៅតែជាជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវបំផុត ដែលមិនទាន់មាន ថ្នាំព្យាបាលនៅឡើយ។

ជាមួយគ្នានោះ សម្ដេចក៏បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានល្អចៀសវាងការឆ្លងមេរោគកូវីដ១៩ ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួន១៣៩នាក់ (ស្រ្តី៤០នាក់ បុរស៩៩នាក់) ក្នុងនោះមានអ្នកជាសះស្បើយចំនួន១២៩នាក់ ខណៈ១០នាក់ កំពុងសម្រាកព្យាបាល ៕ ដោយ៖ធី លីថូ

To Top