សហភាពអឺរ៉ុប ដាក់ចេញនូវផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិក និងជំរុញឱ្យអ៊ុយក្រែន ពន្លឿនការធ្វើកំណែទម្រង់
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានបង្ហាញផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិក ជូនដល់ប្រទេសអ៊ុយក្រែន និងបេក្ខជនសំខាន់ៗចំនួន ៣ ផ្សេងទៀតដែលកំពុងស្វែងរកការចូលជាសមាជិកសហភាពអឺរ៉ុប។ ជាមួយគ្នានេះ គណៈកម្មការបានជំរុញឱ្យទីក្រុងគៀវ ពន្លឿនការធ្វើកំណែទម្រង់នានា ដើម្បីសម្រេចបាននូវគោលដៅបញ្ចប់ការចរចានៅត្រឹមដំណាច់ឆ្នាំ ២០២៨។
នៅក្នុងការអនុម័តកញ្ចប់ផែនការស្តីពីការពង្រីកសមាជិកភាពប្រចាំឆ្នាំរបស់ខ្លួន សហភាពអឺរ៉ុបបានកំណត់នូវចំណុចសំខាន់ៗ សម្រាប់ប្រទេសម៉ុងតេណេហ្គ្រោ អាល់បានី ម៉ុលដាវី និងអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា វឌ្ឍនភាពឆ្ពោះទៅរកការក្លាយជាសមាជិក គឺអាស្រ័យលើកំណែទម្រង់នានា។
គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អ៊ុយក្រែនបានបើកការចរចាលើជំពូកចំនួន ៤ ក្រុម ហើយបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីបើកការចរចាលើក្រុមជំពូកដែលនៅសល់ទាំងអស់។
ស្ថាប័ននេះបានអំពាវនាវឱ្យអ៊ុយក្រែនផ្តោតលើលក្ខណៈវិនិច្ឆ័យទាក់ទងនឹងនីតិរដ្ឋ ស្ថាប័នប្រជាធិបតេយ្យ កំណែទម្រង់រដ្ឋបាលសាធារណៈ និងផែនការសកម្មភាពស្តីពីជនជាតិភាគតិច។ គណៈកម្មការបានបន្ថែមថា ស្ថាប័នឯកទេសប្រឆាំងអំពើពុករលួយនៅតែបន្តដំណើរការ “ដោយឯករាជ្យ និងមានប្រសិទ្ធភាពជាទូទៅ”។
ប្រទេសម៉ុងតេណេហ្គ្រោ គឺជាប្រទេសដែលខិតជិតដល់ការបញ្ចប់ការចរចាជាងគេ ដោយបានបិទជំពូកចរចាចំនួន ២១ ជាបណ្តោះអាសន្នរួចហើយ ។ ប្រទេសនេះអាចនឹងបិទជំពូកដែលនៅសល់ទាំងអស់នៅត្រឹមដំណាច់ឆ្នាំនេះ ខណៈដែលការងារលើសន្ធិសញ្ញា ចូលជាសមាជិកក៏កំពុងដំណើរការផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
