ជម្លោះថវិកាអឺរ៉ុប បានផ្ទុះឡើង ខណៈប្រទេសចំនួន៤ បដិសេធការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន
ព្រុចសែល៖ មេដឹកនាំនៃប្រទេសស្លូវ៉ាគី សាធារណរដ្ឋឆែក ហុងគ្រី និងប៊ុលហ្គារី បានជំទាស់នឹងការដាក់ឱសានវាទរបស់លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដែលទាមទារឱ្យការអនុម័តថវិការយៈពេលវែងបន្ទាប់របស់សហភាពអឺរ៉ុប ត្រូវភ្ជាប់លក្ខខណ្ឌទៅនឹងការផ្តល់ជំនួយហិរញ្ញវត្ថុថ្មីដល់ប្រទេសអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានថ្កោលទោសសកម្មភាពនេះថាជា ករណីគំរូនៃការគំរាមកំហែង ដើម្បីទារអ្វីមួយ ហើយបានគំរាមប្រើសិទ្ធិវេតូរបស់លោក។
លោក Fico បានថ្លែងកាលពីថ្ងៃអង្គារ ខណៈពេលដែលលោកទទួលស្វាគមន៍សមភាគីឆែក លោក Andrej Babiš នៅទីក្រុងប្រាធីស្លាវ៉ា ថា៖ «យើងមានសិទ្ធិសម្រេចស្មើៗគ្នាក្នុងបញ្ហានេះ»។
លោកបានបន្តថា៖ «ដូចគ្នានឹងលោកអធិកាបតី ដែលនិយាយអំពីការប្រើប្រាស់សិទ្ធិវេតូរបស់លោកដែរ ខ្ញុំក៏អាចនិយាយបានដូចគ្នាដែរ។ យើងមានសិទ្ធិវេតូដូចគ្នាទៅនឹងអធិការបតីអាល្លឺម៉ង់ដែរ»។
លោក Babiš បាននិយាយដោយលេងសើចថា លោក Merz «ប្រហែលជាមិនបានដឹងទេ» ថាថវិកាសហភាពអឺរ៉ុប ដែលបានស្នើឡើងនោះ បានបែងចែកទឹកប្រាក់ចំនួន ១០០ ពាន់លានអឺរ៉ូ សម្រាប់ប្រទេសអ៊ុយក្រែនរួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ថវិកាទាំងនោះនឹងមិនទាន់អាចប្រើប្រាស់បានទេរហូតដល់ឆ្នាំ ២០២៨ ខណៈដែលទីក្រុងកៀវកំពុងប្រឈមមុខនឹងការខ្វះខាតថវិកាចំនួន ៧០ ពាន់លានអឺរ៉ូនៅឆ្នាំក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា
