ព័ត៌មានអន្តរជាតិ

Amazon ពង្រីកអាជីវកម្មសន្តិសុខ ដោយប្រកាសចេញកាមេរ៉ាដ្រូន និងមនុស្សយន្តល្បាតក្រោមម៉ាកយីហោ Ring

បរទេស៖ ក្រុមហ៊ុន Ring ដែលជាបុត្រសម្ព័ន្ធរបស់ Amazon កាលពីថ្ងៃអង្គារ បានប្រកាសបើកដំណើរការអាជីវកម្មផ្នែកមនុស្សយន្ត (robotics) ថ្មីមួយ ជាមួយនឹងផលិតផលសន្តិសុខស្វ័យប្រវត្តិថ្មីចំនួន ២ គឺ កាមេរ៉ាហោះសម្រាប់ប្រើប្រាស់ក្នុងផ្ទះ (flying indoor camera) និងមនុស្សយន្តដើរល្បាតសន្តិសុខ (roving security robot) ដែលរចនាឡើងសម្រាប់អាជីវកម្ម ខណៈដែលក្រុមហ៊ុនកំពុងពង្រីកខ្លួនឲ្យកាន់តែធំជាងឧបករណ៍សន្តិសុខក្នុងផ្ទះដែលខ្លួនមានស្រាប់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១០ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

ឧបករណ៍ទាំងពីរនេះ – គឺដ្រូន Ring Drone និង មនុស្សយន្ត Ring Rover – ប្រើប្រាស់ប្រព័ន្ធបញ្ជា AI Pilot របស់ Ring ដែលរួមបញ្ចូលគ្នានូវកាមេរ៉ា ទម្រង់គំរូទស្សន៍ទាយរូបភាព (vision models) សេនស័រ (sensors) បំពាក់លើឧបករណ៍ផ្ទាល់ និងដំណើរការទិន្នន័យលើប្រព័ន្ធក្លោដ (cloud processing) ដើម្បីគូសប្លង់ទីតាំង កំណត់ចំណុចល្បាតសក្តានុពល និងធ្វើដំណើរជៀសវាងឧបសគ្គនានា នេះបើតាមការបញ្ជាក់របស់ Amazon។

ការដាក់ឲ្យដំណើរការនេះ កត់សម្គាល់នូវការពង្រីកខ្លួននៃអាជីវកម្មសន្តិសុខរបស់ Ring ដែលបានចាប់ផ្តើមជាមួយនឹងកណ្ដឹងទ្វារវីដេអូ ហើយបានរីកចម្រើនទៅជាបណ្តាញកាមេរ៉ាភ្ជាប់ទំនាក់ទំនង សេនស័រ និងប្រព័ន្ធរោទិ៍ប្រកាសអាសន្នដ៏ទូលំទូលាយ។

ក្រុមហ៊ុនបានបញ្ជាក់ថា មនុស្សយន្តថ្មីទាំងនេះត្រូវបានរចនាឡើងដើម្បីធ្វើការស៊ីសង្វាក់គ្នាជាមួយនឹងឧបករណ៍ដែលមានស្រាប់ តាមរយៈកម្មវិធី Ring app។ ក្រុមហ៊ុន Amazon នឹងចាប់ផ្តើមដឹកជញ្ជូនមនុស្សយន្ត Ring Rover Cam នៅថ្ងៃទី១៦ ខែធ្នូ ក្នុងតម្លៃ ៩៩៩,៩៩ ដុល្លារអាមេរិក នៅក្នុងសហរដ្ឋអាមេរិក និងដ្រូន Ring Drone Cam នៅថ្ងៃទី២៧ ខែមករា ក្នុងតម្លៃ ២៤៩,៩៩ ដុល្លារអាមេរិក។

ដ្រូន Ring Drone អាចហោះហើរតាមគន្លងផ្លូវដែលបានកំណត់ទុកជាមុនទៅតាមការចង់បាន ឬឆ្លើយតបទៅនឹងសំឡេងរោទិ៍ប្រកាសអាសន្ន ដោយហោះទៅពិនិត្យមើលផ្ទាល់។
ចំណែកមនុស្សយន្ត Ring Rover អាចដើរល្បាតតាមអាជីវកម្មដោយស្វ័យប្រវត្តិ មិនថាតាមកាលវិភាគដែលបានកំណត់ ឬនៅពេលចាំបាច់នោះទេ។

ប្រែសម្រួល៖ គីរី

To Top