បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ថា អ៊ុយក្រែន និងរុស្ស៊ី បានបង្ហាញ «ភាពបត់បែនខ្លះៗ» ជាលក្ខណៈឯកជន ពាក់ព័ន្ធនឹងទឹកដី ដែលមានជម្លោះ ខណៈដែលកិច្ចចរចាជុំថ្មីមួយក្នុងគោលបំណងបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូ បានចាប់ផ្តើមឡើងនៅទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃអង្គារ។
ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានណែនាំថា អ៊ុយក្រែនអាចងើបចេញ ពីសង្គ្រាមជាមួយនឹង "រូបរាងខុសគ្នាបន្តិចបន្តួច" ដោយមិនបានបញ្ជាក់ថា ការផ្លាស់ប្តូរទឹកដីណាដែលលោកបានស្រមៃចង់បាននោះទេ។
ទីក្រុងមូស្គូ ទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីមៀ និងតំបន់ទាំងបួន ដែលខ្លួនអះអាងថា បានបញ្ចូលដោយខុសច្បាប់ ក្នុងនោះរួមមានតំបន់ ដូណេតស្ក៍ លូហានស្ក៍ ហ្សាប៉ូរីហ្សៀ និងឃើសុន – ហើយដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ទាំងបួន រួមទាំងតំបន់ដែលរុស្ស៊ីមិនធ្លាប់កាន់កាប់ ប៉ុន្ដែទីក្រុងគៀវបដិសេធការទាមទារទាំងនេះ។
មន្ត្រីអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិត អំពីភាពបត់បែនដែលបានរាយការណ៍នោះទេ ប៉ុន្តែបានព្រមានថា ជម្លោះទឹកដីមិនអាចដោះស្រាយបានទេ បើគ្មានកិច្ចព្រមព្រៀងលើការរៀបចំសន្តិសុខក្រោយសង្គ្រាម៕
ប្រែសម្រួល ឈូក បូរ៉ា
