ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យ កម្រិតមូលដ្ឋាន ទូទាំងប្រទេស សម្រេចបាន៩៥%

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា គិតដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យ កម្រិតមូលដ្ឋាន នៅទូទាំងប្រទេស សម្រេចបាន៩៥% និងរាជធានី ខេត្តទាំង២៥ សម្រេចបានការបញ្ចប់ ការបន្ទោបង់ ពាសវាលពាសកាល (ODF)។
 
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ លើការលើកកម្ពស់អនាម័យជនបទ ដោយបានដាក់ចេញនូវគោលដៅ «បន្តជំរុញការអនុវត្តផែនការសកម្មភាព ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០» ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ (SDGs ៦.១ និង៦.២)។
 
សម្ដេចធិបតី បន្ដថា ជាមួយនឹងការខិតខំប្រឹងប្រែងទាំងអស់គ្នា ការលើកកម្ពស់អនាម័យជនបទសម្រេចបាន នូវសមិទ្ធផលគួរជាទីមោទនៈ ដោយប្រជាពលរដ្ឋនៅតំបន់ជនបទទទួលបានអត្រាគ្របដណ្តប់អនាម័យកាន់តែ ប្រសើរឡើង រស់នៅក្នុងបរិស្ថានស្អាត និងមានសុខភាពល្អ។
 
សម្ដេចធិបតី គូសបញ្ជាក់ថា «គិតដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យ កម្រិតមូលដ្ឋាននៅទូទាំងប្រទេស សម្រេចបាន៩៥% និងរាជធានី ខេត្តទាំង២៥ សម្រេចបានការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងនោះ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង សម្រេចបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)»។
 
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ការសម្រេចបានការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលនេះ គឺជាសមិទ្ធផលវិជ្ជមាន ដែលមិនធ្លាប់មានពីមុននៅកម្ពុជា និងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនមានជាអាទិ៍ ១) សុខភាពប្រជាជនកាន់តែប្រសើរឡើង និងអាយុសង្ឃឹមរស់ជាមធ្យមរបស់មនុស្សម្នាក់ៗ កាន់តែវែង តាមរយៈការលុបបំបាត់ជំងឺ អាសន្នរោគ កាត់បន្ថយជំងឺរាករូស ជំងឺពោះវៀន និងជំងឺឆ្លងផ្សេងៗ ជាពិសេសកាត់បន្ថយ អត្រាក្រិសក្រិន និងស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ និង២) ផ្តល់ផលចំណេញ ផ្នែកសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយការចំណាយថវិកាលើការព្យាបាល និងការថែទាំសុខភាពរបស់ប្រជាជន៕

To Top