ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក​ អះអាងថា​ អធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការ​ ដោយមិនស្ថិតក្រោម ឥទ្ធិពលត្រួតត្រា​ គឺជាគោលការណ៍ ដែលមិនអាចចរចាផ្លាស់ប្តូរបាន ក្នុងទំនាក់ទំនងជាមួយអាមេរិក

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា ការគោរពអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការដែលមិនស្ថិតនៅក្រោមការត្រួតត្រារបស់ភាគីម្ខាងទៀត គឺជាគោលការណ៍គ្រឹះដែល “មិនអាចចរចាផ្លាស់ប្តូរបាន” នៅក្នុងទំនាក់ទំនងរបស់ម៉ិកស៊ិក​ ជាមួយសហរដ្ឋអាមេរិក ដោយមិនគិតថា​ អ្នកណាជាអ្នកដឹកនាំនៅទីក្រុងវ៉ាស៊ីនតោននោះទេ។

លោកស្រី Sheinbaum បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯវិមានជាតិ ថា មិនមានសញ្ញាណណាមួយដែលបង្ហាញពីការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ហើយកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលទាំងពីរ នៅតែបន្តមានសុពលភាព។

លោកស្រីបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ និងថ្នាក់ដឹកនាំស្ថាប័នរដ្ឋាភិបាលអាមេរិក រួមទាំងបញ្ជាការដ្ឋានភាគខាងជើង ផងដែរនោះ សុទ្ធតែបានយល់ច្បាស់អំពីជំហររបស់ម៉ិកស៊ិក ពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដី ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។

លោកស្រីបានលើកឡើងថា៖ “គ្រប់ភាគីសុទ្ធតែយល់ច្បាស់អំពីចំណុចនេះ។ យើងនឹងមិនចុះចាញ់ឡើយ ព្រោះនេះ​ គឺជាបញ្ហាគោលការណ៍”។

នៅពេលត្រូវបានសួរអំពីការប្រើប្រាស់ពាក្យ “អំពើភេរវកម្មគ្រឿងញៀន” ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសំដៅទៅលើក្រុមឧក្រិដ្ឋកម្មនានា លោកស្រី Sheinbaum បានឆ្លើយតបថា៖ “យើងមិនយល់ស្របនឹងការដាក់ស្លាកថាជាអំពើភេរវកម្មនោះទេ ព្រោះបើតាមទស្សនៈរបស់ម៉ិកស៊ិក និយមន័យនៃអំពើភេរវកម្ម​ គឺខុសប្លែកពីនេះ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top