Feature

ប្រកាសចូលកាន់តំណែង សមាជិកក្រុមប្រឹក្សាខេត្ត ១រូប និងបុគ្គលិកអប់រំ តាមបណ្ដាលស្រុក នាយក និងនាយិការសាលា ចំនួន ៥០ រូប

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានប្រកាសចូលកាន់តំណែង សមាជិកក្រុមប្រឹក្សាខេត្ត ១រូប គឺលោកសោម រស់ ជំនួស លោកទូច ឆៃ ដែលបានទទួលមរណភាព និងប្រកាសនាយក-នាយិការ សាលាតាមបណ្តាស្រុកចំនួន ៥០រូបផងដែរ។

ពិធីប្រកាសនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្នុងឱកាសប្រជុំសាមញ្ញលើកទី ៣០ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ដើមផ្ញើ ដល់បុគ្គលិកអប់រំទាំងអស់ ដែលបានប្រកាសចូលកាន់តំណែងសូមរៀបចំខ្លួនឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំ ក្នុងអង្គភាពរបស់ខ្លួន ឱ្យស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ដល់លទ្ធភាពលើការបណ្ដុះបណ្ដាល និងកសាងគ្រឹះនៅក្នុងមូលដ្ឋាន ដែលចាប់ផ្ដើមពីថ្នាក់បឋមនេះតែម្ដង ។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំក្នុងអង្គភាព ត្រូវគិតអំពីវិធីនៃការគ្រប់គ្រង ដើម្បីធ្វើឲ្យអង្គភាពរបស់យើងមានការរីកចម្រើន។

ទន្ទឹមនឹងនោះលោកអភិបាលខេត្តក៏បានជំរុញឲ្យ លោកនាយក និងនាយិការត្រូវបន្តខិតខំប្រឹងប្រែង នូវកិត្តិយសដែលយើងទទួលបាន ហើយបានតបស្នងដល់អាជ្ញាធរ ថ្នាក់ដឹកនាំដែលបានផ្ដល់ជូននូវតួនាទី ភារកិច្ចនាពេលនេះ។ ម្យ៉ាងទៀតក្នុងនាមថ្នាក់ដឹកនាំ ជាប្រធានអង្គភាពពេញសិទ្ធិ ចាប់ពីពេលនេះតទៅ យើងត្រូវគិតថាតើវិធីសាស្ត្របែបណា ដើម្បីឲ្យការបណ្ដុះបណ្ដាល ការអប់រំទទួលបាននូវគុណភាព សម្រាប់យុវជនជំនាន់ក្រោយ ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top