រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ផ្លាស់ទៅស្នាក់នៅ ក្នុងមូលដ្ឋានយោធា ដោយសារក្តីបារម្ភពាក់ព័ន្ធ នឹងគំរាមកំហែងរបស់អ៊ីរ៉ង់
បរទេស៖ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Scott Bessent ហាក់ដូចជាបានផ្លាស់ទៅស្នាក់នៅ ក្នុងមូលដ្ឋានយោធាមួយ ដោយសារតែមានហានិភ័យនៃ «ការរងរបួសដែលអាចគំរាមកំហែងដល់អាយុជីវិត ដែលបង្កឡើងដោយប្រទេសអ៊ីរ៉ង់»។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កាសែត The New York Times និងទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ដោយដកស្រង់សម្តីប្រភពដែលដឹងពីបញ្ហានេះថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ថ្មីៗនេះបានចាកចេញពីលំនៅឋានរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី. (Washington D.C.) ទៅស្នាក់នៅក្នុងមូលដ្ឋានយោធាមួយ (ដែលមិនត្រូវបានបញ្ចេញឈ្មោះ) បន្ទាប់ពីមាន «ការគំរាមកំហែងដល់អាយុជីវិតរបស់លោកពីសំណាក់ប្រទេសអ៊ីរ៉ង់»។
យោងតាមប្រភពចំនួន ៣ ដែលត្រូវបានដកស្រង់ដោយកាសែត The New York Times មន្ត្រីអាមេរិកបានសន្និដ្ឋានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះថា សកម្មភាពរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើមន្ត្រីអាមេរិក (ទាំងមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រី) កំពុងឈានចូលដល់ដំណាក់កាលដែលមានភាពកាចសាហាវ ឬគឃ្លើនជាងមុន។
សូមជម្រាបថា ចាប់តាំងពីខែសីហាមក លោក Bessent បានដឹកនាំយុទ្ធនាការដាក់សម្ពាធ សេដ្ឋកិច្ចក្នុងគោលបំណងដាក់ឱ្យប្រទេសអ៊ីរ៉ង់ឯកោរ តាមរយៈការរឹតបន្តឹងទណ្ឌកម្ម និងការដាក់កម្រិតលើផ្លូវពាណិជ្ជកម្មនានា។ យោងតាមប្រភពរបស់កាសែត The New York Times តួនាទីនេះធ្វើឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិករូបនេះ ក្លាយជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី ដែលអ៊ីរ៉ង់ចង់បង្កគ្រោះថ្នាក់ឱ្យខ្លាំងបំផុត។
ប្រែសម្រួលៈ តុលា
