វិធីដែលអាជីវករ ក្នុងតំបន់កំពុងរួមចំណែកកសាង ប្រព័ន្ធអេកូឡូស៊ី អាហារូបត្ថម្ភ នៅកម្ពុជា ខណៈកម្ពុជា កំពុងពង្រឹងវិសាលភាព នៃការផ្តល់អាហារ តាមសាលារៀន ពាណិជ្ជករ និង អាជីវកម្មអាហារ ក្នុងតំបន់កំពុងរួមចំណែក ផ្តល់នូវអាហារ ដែលមានសុវត្ថិភាព មានអាហារូបត្ថម្ភ និងសេវាកម្មចាំបាច់ទៅ ដល់គ្រួសារនៅតាមតំបន់ជនបទ បានកាន់តែច្រើន
ភ្នំពេញ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្ពុជា កំពុងបន្តពង្រឹង កម្មវិធីផ្តល់អាហារតាមសាលារៀនរបស់ខ្លួន ជាបណ្តើរៗ ឆ្ពោះទៅរកភាព ជាម្ចាស់ពេញលេញ ដោយរដ្ឋាភិបាលមានគោលដៅទទួលខុសត្រូវ ទាំងស្រុង ចាប់ពីឆ្នាំ២០២៨។ ប៉ុន្តែទន្ទឹមនឹងនេះ អាហារូបត្ថម្ភរបស់កុមារក៏ពឹងអាស្រ័យ ទៅលើមជ្ឈដ្ឋានក្រៅរបងសាលារៀនផងដែរដូចជា ៖ អាហារដែលលក់ ជុំវិញសាលារៀន អាជីវកម្មនានា ដែលផ្គត់ផ្គង់អាហារ និងសេវាកម្ម ដែលជួយឱ្យគ្រួសារទទួលបានជម្រើស អាហារមានសុវត្ថិភាព រួមទាំងផលិតផល និងសេវាកម្មទឹកស្អាត និងអនាម័យ។

បញ្ហាអាហារូបត្ថម្ភនៅតែជាកង្វល់ដ៏ចម្បង , យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជា ឆ្នាំ ២០២១-២២ កុមារ អាយុពី ៦ ដល់ ២៣ ខែ ត្រឹមតែ ៤២% ប៉ុណ្ណោះដែលទទួលបានរបបអាហារអប្បបរមា ដែលអាចទទួលយកបាន ហើយ តួលេខនេះបានធ្លាក់ចុះមកត្រឹម ៣៥% ក្នុងចំណោមកុមារ រស់នៅតំបន់ជនបទ ។ លើសពីនេះ កុមារម្នាក់ក្នុងចំណោមកុមារ ប្រាំនាក់ដែលមានអាយុក្រោមប្រាំឆ្នាំ មានបញ្ហាក្រេះក្រិន ខណៈដែលម្នាក់ ក្នុងចំណោមដប់នាក់ មានបញ្ហាស្គមស្គាំង ។

បញ្ហាប្រឈមទាំងនេះ កើតឡើងដោយសារកត្តាប្រទាក់ក្រឡាគ្នាមួយចំនួនរួមមាន ៖ បញ្ហាសន្តិសុខសេដ្ឋកិច្ចគ្រួសារ សុខភាព និងស្ថានភាពអាហារូបត្ថម្ភ របស់មាតា ភាពចម្រុះ នៃរបបអាហារនៅមានកម្រិត ការអនុវត្តការផ្តល់អាហារដល់ទារក និងកុមារតូច មិនទាន់សមស្រប និងកង្វះលទ្ធភាពទ ទួលបានទឹកស្អាត និងអនាម័យ (WASH)។

ក្នុងអំឡុងពេលទស្សនកិច្ចមកកាន់កម្ពុជានាពេលថ្មីៗនេះ លោក Reed Peterson អគ្គនាយកប្រតិបត្តិ (CEO) នៃអង្គការ iDE បានជួបជាមួយពាណិជ្ជករ អ្នកផលិតចំណីអាហារ និងអាជីវកម្មអាហារ ក្នុងស្រុកមួយចំនួនដែលកំពុងធ្វើការលើផ្នែក ផ្សេងៗក្នុងប្រព័ន្ធអាហារូបត្ថម្ភ ចាប់តាំងពីផលិតកម្មកសិកម្ម និងការកែច្នៃអាហារ រហូតដល់ការផ្តល់អាហារតាមសាលារៀន និងការ ផ្តល់សេវាទឹកស្អាត និងអនាម័យ។

លោក Reed Peterson អគ្គនាយកប្រតិបត្តិអង្គការ iDE បានមានប្រសាសន៍ថា ៖ «ការលើកកម្ពស់អាហារូបត្ថម្ភ តម្រូវ ឱ្យយើងមើលលើសពីការ ផលិតកម្មអាហារ និងការផ្តល់អាហារតាមសាលារៀន។ យើងមិនអាចដោះស្រាយបញ្ហាកង្វះ អាហារូបត្ថម្ភតាមរយៈវិស័យផលិតកម្មកសិកម្មតែមួយមុខ ហើយយើងក៏មិនអាចដោះស្រាយវាបាន តាមរយៈសេវា សុខាភិបាលតែមួយមុខដូចគ្នា»។

«យើងត្រូវការប្រព័ន្ធមួយ ដែលតភ្ជាប់កសិករ អាជីវកម្មក្នុងវិស័យអាហារ សាលារៀន និង សហគមន៍ដើម្បីបង្កើត និងផ្តល់ នូវជម្រើសអាហារ ដែលមានសុវត្ថិភាព និងប្រកបដោយអាហារូបត្ថម្ភនៅក្នុងជីវិតប្រចាំថ្ងៃ។ សហគ្រិន ឬពាណិជ្ជករ គឺជាផ្នែក មួយដ៏សំខាន់នៅក្នុងប្រព័ន្ធនេះ ពីព្រោះពួកគាត់ គឺជាអ្នកផលិត កែច្នៃអាហារ ផ្តល់សេវាកម្ម និង តភ្ជាប់ទីផ្សារ ដែលនាំយក នូវដំណោះស្រាយអាហារូបត្ថម្ភទៅកាន់ប្រជាជន ខណៈបង្កើតចំនូលទ្រទ្រង់ជីវភាព រស់នៅរបស់ខ្លួន និងអាចរីកចម្រើនទៅមុខ ដោយខ្លួនឯងបាន»។

សហគ្រិនម្នាក់ក្នុងចំណោមនោះ គឺលោកស្រី ម៉ាន ហៃយ័ត ស្ថាបនិកសិប្បកម្មហៃយ័តម្សៅត្រីល្អិតនៅខេត្តបាត់ដំបង ។ លោកស្រីបានចាប់ផ្តើម ធ្វើម្សៅត្រីនៅឆ្នាំ ២០១៦ ដោយច្នៃត្រីទឹកសាបតូចៗ ដែលមានឆ្អឹងច្រើន ឱ្យទៅជាល្បាយម៉ត់ សំបូរ ដោយអាហារូបត្ថម្ភ សម្រាប់ជាអាហារដល់កូនៗ របស់លោកស្រី។ ហើយលោកស្រីបានប្រែក្លាយ សកម្មភាពនេះទៅជាអាជីវកម្ម មួយពង្រីកការផលិតម្សៅត្រីល្អិត នំស្រួយត្រីបន្លែ និងម្សៅបន្លែ ហើយបច្ចុប្បន្នបានផ្តល់ការងារដល់បុគ្គលិកចំនួន ៨ នាក់។
តាមរយៈកម្មវិធីជំនាញអាជីវកម្ម និងពន្លឿនអាជីវកម្មដឹកនាំដោយ Support Her Enterprise (SHE) ដែលជាកម្មវិធី ស្នូលមួយនៃអង្គការ iDE លោកស្រី ហៃយ័ត ទទួលបានវគ្គបណ្តុះបណ្តាលអាជីវកម្ម និងការប្រឹក្សាយោបល់ជាបន្តបន្ទាប់ ព្រមទាំងមូលនិធិសម្រាប់ពង្រីកអាជីវកម្មចំនួន ៤.០០០ ដុល្លារអាមេរិកតាមរយៈគម្រោង «ការផ្លាស់ប្តូរជីវិតតាមរយៈអាហារូបត្ថម្ភ» (Transforming Lives Through Nutrition) ដែលគាំទ្រដោយ សាសនាចក្រព្រះយេស៊ូវ គ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ(Church of Jesus Christ of Latter-day Saints)។ បច្ចុប្បន្នលោកស្រី កំពុងរៀបចំផែនការពង្រីកការលក់ និងចែកចាយផលិតផលរបស់ខ្លួនទៅហាងចាប់ហួយតាមភូមិ សាលារៀន និងតំបន់រោងចក្រផងដែរ។

លោកស្រី ហៃយ័ត បានមានប្រសាសន៍ថា៖ «ដំបូងឡើយ ខ្ញុំគ្រាន់តែចង់ធ្វើអាហារដែលមានអាហារូបត្ថម្ភសម្រាប់កូនៗរបស់ ខ្ញុំប៉ុណ្ណោះ។ តែឥឡូវនេះ ខ្ញុំចង់ឱ្យគ្រួសារកាន់តែច្រើនឡើង អាចទទួលបានផលិតផលទាំងនេះ ព្រមទាំងរួមចំណែកបង្កើត ឱកាសការងារតាមរយៈអាជីវកម្មរបស់ខ្ញុំផងដែរ»។
ជាមួយគ្នានេះដែរ អាហារដែលកុមារបរិភោគនៅសាលារៀន ក៏មានឥទ្ធិពលទៅលើទម្លាប់នៃការហូបចុករបស់ពួកគេ។ ដោយ សហការជាមួយការិយាល័យអប់រំស្រុក និងមន្ទីរសុខាភិបាលខេត្ត អង្គការ iDE បានគាំទ្រអ្នកលក់នំចំណី ឬអាហារសម្រន់ នៅក្នុងសាលារៀនរួមមាន៖ លោកស្រី ទេស ណារុី និងលោកស្រី ឈិន ចាន់ណា ឱ្យផ្លាស់ប្តូរពីការលក់ដូរនំចំណី ដែលមិនស្គាល់ប្រភពច្បាស់លាស់ និងភេសជ្ជៈប៉ូវកម្លាំងជាដើម ទៅរកជម្រើសថ្មីៗ ស្រស់ៗ ដែលរកបាននិងផលិតនៅ ក្នុងស្រុកវិញ។

នៅសាលាមត្តេយ្យសហគមន៍មួយ ក្នុងខេត្តសៀមរាប លោកស្រី ធុង បាស ចម្អិនអាហារពេលព្រឹក ៥ ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់កុមារតូចៗប្រមាណ ២៥ នាក់ អាយុពី ៣ ដល់ ៥ ឆ្នាំ ដោយប្រើប្រាស់បន្លែស្រស់ៗ និងផ្លែឈើពីសួនបន្លែក្បែរផ្ទះ របស់លោកស្រី។ ជាមួយនឹង បច្ចេកទេសកសិកម្មកកើតឡើងវិញ លោកស្រី ធុង បាស ប្រើប្រាស់ជីកំប៉ុស្តិដើម្បីបង្កើន ជីវជាតិដី និងវិធីសាស្ត្រជីវសាស្ត្រដើម្បីគ្រប់គ្រងសត្វល្អិត ឬជំងឺ។ ប្រាក់ចំណេញ ដែលលោកស្រីទទួលបានជួយទ្រទ្រង់សួន បន្លែនេះ និងឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានរបស់គ្រួសារគាត់ផ្ទាល់។
លើសពីការផ្តួចផ្តើម សហគ្រាសសង្គម ហាយដ្រូឡូជីក ផលិតចម្រោះទឹកម៉ាក «ទន្សាយ» ដែលបានផ្តល់នូវដំណោះ ស្រាយទឹកស្អាត និងប្រកបដោយសុវត្ថិភាព ហើយសហគ្រាសសង្គម ហាយដ្រូឡូជីក ក៏បានអភិវឌ្ឍខ្លួន ទៅជាក្រុមហ៊ុន ឯករាជ្យ ដឹកនាំដោយស្ត្រីសហគ្រិន ដ៏មានសមត្ថភាពម្នាក់ អង្គការ iDE ក៏បានធ្វើការជាមួយពាណិជ្ជករ និងសេវាករជាច្រើន ផ្សេងទៀត ដើម្បីពង្រីកលទ្ធភាពទទួលបានផលិតផល និងសេវាកម្ម អនាម័យចាំបាច់ទៅតាមបរិបទជាក់ស្តែង ដែលជួយការពារ កុមារពីជំងឺឆ្លងដែលអាចប៉ះពាល់ដល់សុខុមាលភាព និង អាហារូបត្ថម្ភរបស់ពួកគេ។

លោក Reed Peterson ក៏បានបន្ថែមថា៖ «នៅ iDE យើងជឿជាក់ថាសហគ្រិនភាព អាចភ្ជាប់ផ្នែកផ្សេងៗ នៃប្រព័ន្ធ អេកូឡូស៊ីអាហារូបត្ថម្ភបាន»។ «តាមរយៈការពង្រឹង និងពង្រីកអាជីវកម្មក្នុងស្រុក ការលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងការ គាំទ្រស្ត្រី កសាងសហគ្រាស របស់ពួកគេឱ្យមាននិរន្តរភាព នោះយើងកំពុងបង្កើត ដំណោះស្រាយពាក់ព័ន្ធនឹង អាហារូបត្ថម្ភ និងនាំមកនូវសេវាចាំបាច់នានា ជូនដល់សហគមន៍ជនបទប្រកបដោយចីរភាព»៕
