ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជា យល់យ៉ាងច្បាស់អំពីតម្លៃសន្តិភាព ខណៈសន្តិភាព ត្រូវបានកសាងឡើង ដោយភាពអត់ធ្មត់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃ នៃសន្តិភាព ខណៈដែលសន្តិភាពត្រូវបានកសាងឡើង​ ដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី “បើកព្រឹត្តិការណ៍ ភូមិហ្រ្វង់កូហ្វូនី” នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី។

ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា បានចូលជាសមាជិកសង្កេតការណ៍ នៃអង្គការហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។

ជាងនេះទៅទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រី ចាត់ទុកភាសាបារាំង គឺជាភាសានៃការចងចាំ, ជាភាសាសម្រាប់ការសិក្សា ចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាព ត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត ចំពោះពួកយើងគឺ ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»”។

ដោយឡែកសម្រាប់ប្រធានបទនៃភូមិហ្វ្រង់កូហ្វូនី សម្តេចធិបតី គូសបញ្ជាក់ថា ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាម ញញឹមហ្វ្រង់កូហ្វូនី»។ នៅកម្ពុជា, ស្នាមញញឹមមានអត្ថន័យលើសពី ការស្វាគមន៍គ្នាទៅវិញទៅមក។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្តៅ, សន្តិភាព និង ក្តីសង្ឃឹម ហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុង រួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល៕

To Top