ពូបង្កើតសម្លាប់ក្មួយស្រី អាយុទើបតែ៥ឆ្នាំ ដើម្បីជំរិតទារប្រាក់ពីឪពុក-ម្តាយ
ភ្នំពេញ ៖ ដោយសារអំណាចទឹកប្រាក់ បុរសម្នាក់ដែលត្រូវជាពូបង្កើត បានហ៊ានលើកដៃប្រហារក្មួយស្រី ឯងបង្កើត ដោយគ្មានមនោសញ្ចេតនា ។

សេចក្តីប្រកាសព័ត៌មានបឋម របស់ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឱ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន (ចាប់ជំរិតទារប្រាក់)នេះ កើតឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨ និង៣០នាទី នៅផ្ទះរបស់ឈ្មោះ ថាត ថេត ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះ ថេត រច្ចនី ភេទស្រី អាយុ៥ឆ្នាំ (ឆ្នាំកំណើត ១៩.០៤.២០២១) ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ឡាយ សុខជា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិដង្កោក្រមា ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង (ឃាត់ខ្លួន) (ត្រូវជាពូបង្កើតកុមារីរងគ្រោះ) តេស្តរកសារធាតុញៀនអវិជ្ជមាន។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ឡាយ សុខជា ភេទប្រុស (ត្រូវជាពូ) បានចាប់កុមារីរងគ្រោះឈ្មោះ ថេត រច្ចនី ភេទស្រី (ត្រូវជាក្មួយ) គោលបំណងទារប្រាក់ពីឪពុកម្តាយកុមារីរងគ្រោះ។ បន្ទាប់មកជនសង្ស័យគិតថា បើទុកកុមារីរងគ្រោះឱ្យនៅរស់នោះប្រាកដជាសមត្ថកិច្ចចាប់ខ្លួនបាន ព្រោះកុមារីរងគ្រោះស្គាល់ខ្លួនច្បាស់ ទើបជនសង្ស័យសម្រេចចិត្តដឹកកុមារីជនរងគ្រោះ ទៅកន្លែងស្ងាត់ ដើម្បីយកទៅសម្លាប់ចោល ដោយបានជិះឆ្លងទូក នៅចំណុចព្រែកតាផ ចូលភូមិសាស្រ្ដខេត្តតាកែវ មកដល់ចំណុចប្រឡាយលេខ១២ ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានសភាពស្ងាត់ពុំសូវមានមនុស្សឆ្លងកាត់ ជាឱកាសល្អ ជនសង្ស័យបានឈប់ម៉ូតូប្រាប់ថា ម៉ាស៊ីនក្ដៅពេកសម្រាកមួយសន្ទុះសិន ។ ប្រមាណ២០នាទី ជនសង្ស័យបានប្រាប់ជនរងគ្រោះថា នៅទីនេះទេសភាពស្អាតចុះមកខ្លួនថតរូបឱ្យ ដោយបញ្ជាឱ្យកុមារីរងគ្រោះចុះទៅលើចង្អើឈរបង់សំណាញ់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពរុញកុមារីជនរងគ្រោះចូលទឹកប្រឡាយតែម្ដង។

ក្រុមការងារព័ត៌មាន នៃស្នងការខេត្តកណ្តាល ក៏បានបញ្ជាក់ដែរថា ចំពោះទឹកប្រាក់ ដែលជនសង្ស័យ ទារពីឪពុកម្តាយកុមារីរងគ្រោះនោះ គឺមិនបាននោះទេ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួន នឹងចាប់យកវត្ថុតាង កសាងសំណុំចាត់ការតាមនីតិវិធី៕

