មន្រ្តីយោធារុស្ស៊ីម្នាក់ បានស្លាប់ក្នុងករណីធ្វើឃាត ដោយបំផ្ទុះរថយន្ត ក្នុងទីក្រុង St. Petersburg
បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានរាយការណ៍ថា មន្ត្រីយោធារុស្ស៊ីម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះរថយន្តមួយគ្រឿង នៅទីក្រុង St. Petersburg។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ហេតុការណ៍បំផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧ ព្រឹក ថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់លំនៅឋានមួយនៅជាយក្រុង ដោយបានសម្លាប់មន្ត្រីរូបនោះ ខណៈដែលគាត់កំពុងបើករថយន្តចេញពីទីធ្លាផ្ទះ។ គេរាយការណ៍ថា គ្រឿងផ្ទុះមួយត្រូវបានគេដាក់នៅផ្នែកខាងក្រោមនៃរថយន្តរបស់គាត់ ហើយត្រូវបានបំផ្ទុះតាមរយៈឧបករណ៍បញ្ជាពីចម្ងាយ។ កម្លាំងផ្ទុះក៏បានធ្វើឱ្យបែកកញ្ចក់ រថយន្តក្រុងសាធារណៈមួយគ្រឿងដែលកំពុងបើកឆ្លងកាត់ផងដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ អំពីអ្នករងរបួសផ្សេងទៀតនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ជនរងគ្រោះគឺជាមន្ត្រីយោធាដែលមានឋានៈជាវរសេនីយ៍ឯក។ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានបើកការស៊ើបអង្កេតលើករណីឃាតកម្មនេះ។
អត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ហើយក៏មិនទាន់មានការប្រកាសអំពីជនសង្ស័យណាម្នាក់នៅឡើយដែរ។
ហេតុការណ៍បំផ្ទុះស្រដៀងគ្នានេះធ្លាប់បានកើតឡើងកាលពីខែសីហា នៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីទីតាំងផ្ទុះកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងហេតុការណ៍នោះ មន្ត្រីយោធារុស្ស៊ីម្នាក់ បម្រើការនៅក្នុងកងទ័ពអាកាស និងអង្គភាពការពារដែនអាកាស ត្រូវបានសម្លាប់នៅពេលដែលគ្រឿងផ្ទុះមួយបានផ្ទុះឡើងនៅក្រោមរថយន្តរបស់គាត់។ ភរិយារបស់គាត់ដែលបានជិះនៅក្នុងរថយន្តជាមួយគ្នា បានរួចជីវិត ប៉ុន្តែបានរងរបួសធ្ងន់ធ្ងរ។
សូមជម្រាបថា ករណីសម្លាប់ចុងក្រោយនេះ កើតឡើងបន្ទាប់ពីមានហេតុការណ៍បំផ្ទុះ និងការប៉ុនប៉ងធ្វើឃាតជាបន្តបន្ទាប់ ដែលកំណត់គោលដៅលើមន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់ ។ ក្នុងចំណោមហេតុការណ៍ទាំងនោះ មានករណីខ្លះត្រូវបានអះអាង ទទួលខុសត្រូវដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន។
ប្រែសម្រួលៈ តុលា
