ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ នៅជិតសេតវិមានអាមេរិក បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរបួស៤នាក់

បរទេស៖ លោក Jeffery Carroll ប្រធានស្តីទីនៃនគរបាលរដ្ឋធានី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង ៤ នាក់ផ្សេងទៀតបានរងរបួស ដោយសារស្នាដៃរបស់ខ្មាន់កាំភ្លើងម្នាក់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី (Washington, DC)។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅចម្ងាយដោយថ្មើរជើងប្រហែល ១៥ នាទីពីសេតវិមាន (White House)។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់ប្រហារមនុស្សម្នាក់នៅខាងក្នុងកន្លែងហាត់ប្រាណមួយកន្លែង រួចបានត្រឡប់ទៅអាផាតមិនរបស់ខ្លួនវិញ ហើយបានប្រើកាំភ្លើងវែងបាញ់មនុស្ស ៤ នាក់ផ្សេងទៀតពីលើរានហាល។

សាក្សីម្នាក់ដែលស្ថិតនៅក្នុងកន្លែងហាត់ប្រាណនោះនៅពេលហេតុការណ៍ចាប់ផ្តើម បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ «ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ បុរសម្នាក់បានដួលទៅលើដី ហើយឈាមក៏ហូរដាបពេញនោះ។ សមាជិកម្នាក់នៅកន្លែងហាត់ប្រាណបានស្ទុះទៅជួយ ប៉ុន្តែគាត់បានស្លាប់ភ្លាមៗតែម្តង ដោយសារត្រូវគ្រាប់កាំភ្លើងចំ ក»។

វីដេអូ និងរូបភាពដែលកំពុងចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញពីកងកម្លាំងប៉ូលិសដែលបំពាក់អាវុធធុនធ្ងន់ កំពុងឈរប្រចាំការនៅលើដំបូលអគារជុំវិញអាផាតមិនមួយកន្លែង។ វីដេអូផ្សេងទៀតបានបង្ហាញពីមន្ត្រីប៉ូលិសដែលកាន់ខែលការពារគ្រាប់ កំពុងចូលទៅជិតអគារដែលគេសង្ស័យថាជាអគារដដែលនោះ។

ប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យថាឈ្មោះ Matt Lambert អាយុ ៥៥ ឆ្នាំ។ លោក Jeffery Carroll បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងដឹងថាមានជម្លោះមួយរវាងរូបគាត់ និងសមាគមម្ចាស់ផ្ទះ (homeowners association) នៃអគារនោះ។ ប៉ុន្តែនៅពេលនេះ យើងកំពុងបន្តស៊ើបអង្កេតលើបញ្ហានេះបន្ថែមទៀត»។
ប្រែសម្រួលៈ តុលា

To Top