Feature

កម្ពុជា-រវ៉ាន់ដា បោះជំហានថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ

ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្ដី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាហត្ថលេខីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា (RDB) ដោយមាន ឯកឧត្តម Olivier J.P. NDUHUNGIREHE រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរវ៉ាន់ ជាហត្ថលេខី ដែលនេះគឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ពិធីដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តមប្រធានាធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋរវ៉ាន់ដា បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង “ហ្វ្រង់កូហ្វូនី” លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទោះបីជាកម្ពុជា និងរវ៉ាន់ដា មានទីតាំងភូមិសាស្ត្រស្ថិតនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែប្រទេសទាំងពីរមានចក្ខុវិស័យ និងគោលដៅរួមគ្នាយ៉ាងមុតមាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ការទាក់ទាញការវិនិយោគប្រកបដោយគុណភាព និងការបង្កើតកាលានុវត្តភាពកាន់តែទូលំទូលាយសម្រាប់ប្រជាជន និងធុរជននៃប្រទេសទាំងពីរ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគោលនយោបាយវិនិយោគប្រកបដោយភាពបើកចំហ តម្លាភាព ភាពប្រកួតប្រជែង និងភាពអំណោយផលដល់វិនិយោគិន តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់៕

To Top