កម្មករមានសុវត្ថិភាព ក្នុងករណីរថយន្តដឹកកម្មករ ធ្លាក់ប្រឡាយនៅខេត្តស្វាយរៀង
ស្វាយរៀង ៖ កម្មករនិយោជិតទាំង៣០នាក់ ដែលជិះលើរថយន្តដឹកកម្មករមួយគ្រឿង ដែលធ្លាក់ចូលប្រឡាយ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបន្តដំណើរទៅកន្លែងធ្វើការ តាមរថយន្តដឹកកម្មករផ្សេងទៀត ដោយកម្មករមួយចំនួនបានរងរបួសស្រាលបន្តិចបន្តួច ហើយពុំមានអ្នករងរបួសធ្ងន់ទេ។ នេះបើតាមលោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «ក្រោយកើតហេតុ មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមការងារបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យស្ថានភាព បងប្អូនកម្មករនៅកន្លែងកើតហេតុ ។ បងប្អូនយើងមួយចំនួនមានរបួសបន្តិចបន្តួច ហើយបងប្អូនទាំងអស់ បានបន្តដំណើរទៅធ្វើការជាធម្មតា តាមរថយន្តដឹកកម្មករផ្សេងទៀត»។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹក ខណៈអ្នកបើកបរព្យាយាមគេចពីរ៉ឺម៉កកង់បីមួយគ្រឿង រួចក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយ៕
