ព័ត៌មានអន្តរជាតិ

អាស៊ាន និងចិន ប្តេជ្ញាអនុវត្តតាមសេចក្តីថ្លែងការណ៍ សមុទ្រចិនខាងត្បូង រហូតដល់ក្រមប្រតិបត្តិត្រូវបានបញ្ចប់ជាស្ថាពរ

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា អាស៊ាន និងចិន នៅតែប្តេជ្ញាចិត្តចំពោះសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) រហូតដល់ក្រមប្រតិបត្តិ (COC) ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះ ត្រូវបានបញ្ចប់ជាស្ថាពរ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Marcos បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីលថា៖ «មានការឯកភាពគ្នាដោយស្ងៀមស្ងាត់មួយថា យើងនឹងគោរពតាមសេចក្តីថ្លែងការណ៍នេះ»។

លោកបានបន្ថែមថា៖ «រហូតទាល់តែក្រមប្រតិបត្តិបានរៀបចំរួចរាល់ រហូតទាល់តែវាត្រូវបានបញ្ចប់ជាស្ថាពរ និងមានការចុះហត្ថលេខាដោយភាគីទាំងអស់ គឺអាស៊ាន និងចិនបានសន្យាថានឹងអនុវត្តតាមការណែនាំរបស់សេចក្តីថ្លែងការណ៍នេះ»។

លោក Marcos បានបញ្ជាក់ថា អាស៊ាន និងចិនបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបញ្ចប់ការចរចាលើក្រមប្រតិបត្តិមួយដែលប្រកបដោយខ្លឹមសារ និងមានប្រសិទ្ធភាព ដែលស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

គួររំលឹកផងដែរថា អាស៊ាន និងចិន មិនអាចបញ្ចប់ការចរចាលើក្រមប្រតិបត្តិនេះបាននោះទេ ក្នុងអំឡុងពេលដែលហ្វីលីពីនកាន់តំណែងជាប្រធានផ្លាស់វេនរបស់ប្លុកតំបន់មួយនេះ។ឭ

ប្រែសម្រួល៖​ គីរី

To Top