ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
តាមរបាយការណ៍ របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបាន រកឃើញគ្រឿងញៀន ជាង៤ពាន់ករណី កើនឡើងជាង២៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដោយឃាត់ខ្លួន ជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩កន្លងទៅ។
អ្នកល្មើសគ្រឿងញៀន មានជនជាតិផ្សេងៗដូចជា៖ ជនជាតិខ្មែរចំនួន៨,៣៦៩នាក់ ជនជាតិវៀតណាម៩៦នាក់ ជនជាតិឡាវ២នាក់ ថៃ៣នាក់ ចិន១៣នាក់ ភូមា០១ម្នាក់ ឥណ្ឌូនេស៊ី០១នាក់ សាំងហ្គាពួរ០១នាក់ ជប៉ុន១ម្នាក់ និងនីហ្សេរីយ៉ា១ម្នាក់។
បើតាម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការអនុវត្ត ស្តីពីការងារប្រឆាំង ការសម្អាតប្រាក់ បានមកពីបទល្មើសគ្រឿងញៀន របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែន ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខ យ៉ាងស្រួចស្រាវ ដូច្នេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន។
លោក បន្តទៀតថា យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់ភាគី និងជាពិសេសប្រជាពលនៅក្នុងសហគមន៍ ពេលដឹងថាកូនចៅមានជក់គ្រឿងញៀនត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់។
សូមរំលឹកថា នៅឆ្នាំ២០១៩ ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសកម្ពុជា បានចំនួន ជាង៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យបានជាង២ម៉ឺននាក់ ក្នុងនោះមានជន បរទេស៤៤៧នាក់ ស្មើរ១៥ជនជាតិ រឹបអូសគ្រឿញៀនបានជាង៧៥០គីឡូក្រោម គឺកើនឡើងជិត៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨៕ដោយ អេង ប៊ូ ឆេង