ភ្នំពេញ ៖ កម្ពុជា ប្រមូលចំណូលពន្ធ លើពាណិជ្ជកម្មក្រៅប្រទេស ជាង ៩១២ ប៊ីលានរៀល ក្នុងនោះ ប្រមូលពន្ធអាករលើការ នាំចូល បានជាង ៩០៤ ប៊ីលាន រៀល និងអាករលើការនាំចេញបានចំនួនជាង ៧ ប៊ីលានរៀល ។ នេះបើយោងតាមការចេញផ្សាយ BTV ។
ពាក់ព័ន្ធនិងការអនុវត្ត ពន្ធពាណិជ្ជកម្ម ក្រៅប្រទេស នៅក្នុងខែមេសា ឆាំ្ន២០២០ កម្ពុជាអនុវត្តន៍ចំណូលពន្ធ បានចំនួនជាង ១៥២ ប៊ីលានរៀល ខណៈក្នុងខែមេសា អនុវត្តន៍ការប្រមូលពន្ធប្រភេទនេះ បានត្រឹមជាង ១៣៩ ប៊ីលានរៀល, ក្នុងនោះគិតក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២០ នេះ ការប្រមូលចំណូលពន្ធលើការធ្វើពាណិ ជ្ជកម្មក្រៅប្រទេស អនុវត្តន៍បានជាង ៩១២ ប៊ីលានរៀល ត្រូវប្រមាណជិត ៣៣% នៃច្បាប់ហិរញ្ញវត្ថុដែលបានកំណត់ នៅក្នុងទំហំទឹកប្រាក់ប្រមាណ ២ ៧៦៩ ប៊ីលានរៀល ។
ជុំវិញនិងការអនុវត្តពន្ធ នៃការនាំចូលនេះ ក្នុងនោះពន្ធសម្រាប់ការនាំចូលទំនិញផ្សេងៗ (លើកលែងប្រេងឥន្ធនៈ) សរុបបានប្រមាណ ៦៤២ ប៊ីលានរៀល, ពន្ធគយលើផលិតផលតេលសិលា សរុបបានជិត ១១០ ប៊ីលានរៀល, អាករបន្ថែមលើផលិតផលតេល សិលាសម្រាប់ថែទាំផ្លូវថ្នល់ សរុបបានជាង ១២៥ ប៊ីលានរៀល, ពន្ធនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ សរុបជាង ៧ប៊ីលានរៀល និងប្រភេទពន្ធនាំចូលផ្សេងៗទៀត មានចំនួនជាង ២០ប៊ីលានរៀល សរុបទាំងអស់ សម្រាប់ចំណូលពន្ធលើពាណិជ្ជកម្មនាំចូល ការអនុវត្តបានប្រមាណជាង ៩០៤ ប៊ីលានរៀល ។
ចំណែកពន្ធ និងអាករលើការនាំចេញវិញ, នៅក្នុងរយៈពេល៥ខែនេះដែរ ក្នុងនោះអាករលើការនាំចេញឈើ មានចំនួនជិត ២ ប៊ីលានរៀល, អាករលើការនាំចេញកៅស៊ូមាន ៤,៥១ ប៊ីលានរៀល និងប្រភេទពន្ធលើការនាំចេញផ្សេងៗ មាន ចំនួន ០,៨៩ ប៊ីលានរៀល, សរុបលើពន្ធនិងអាករលើការនាំចេញទាំងអស់ អនុវត្តន៍បានប្រមាណ ៧,៤២ ប៊ីលានរៀល ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែនេះ កម្ពុជាអនុវត្តន៍ចំណូលក្នុងប្រទេសសរុបបានចំនួនជាង ៩ ៦៥៣ ប៊ីលានរៀល ស្មើជាង ៤០% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២០ ក្នុងនោះចំណូលក្នុងស្រុកអនុវត្តន៍បានជិត ៧ ៦៧៥ ប៊ីលានរៀល, ចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស អនុវត្តន៍បានចំនួនជាង ៩១២ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធប្រមូលបាន ៩៩៩ ប៊ីលានរៀលផងដែរ ៕