ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រសួងនឹងស្នើសុំប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ នៅដំណាក់កាលទី១ ក្នុងអំឡុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
ក្រសួងអប់រំមានគម្រោង បើកសាលារៀនឡើងវិញ ចំនួន៣ដំណាក់កាល រួមមាន ៖ ដំណាក់កាលទី១ សាលារៀន មានស្តង់ដារសុវត្ថិភាពខ្ពស់ , ដំណាក់ កាលទី២ សាលារៀនមានស្តង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា។
លោក រស់ សុវាចា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាត ឲ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដា សុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០»។
លោកបន្ដថា ក្រសួងអប់រំ បានជួបពិភាក្សា ជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។
យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ នឹងស្នើសុំការសម្រេច ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់ សម្រាប់ការ បើកដំណើរការ សាលារៀន ដំណាក់កាលទី១រួមមាន ៖
ទី១-គ្រឹះស្ថានសិក្សា ត្រូវចុះកិច្ចសន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការ សុវត្ថិភាព សុខភាពសិក្សា របស់ក្រសួងអប់រំ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
ទី២-គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។
ទី៣-គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារ ទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។
ទី៤-ស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យ សុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស។
ទី៥-គ្រឹះស្ថានសិក្សា ត្រូវអនុវត្តវិធានការតម្រូវនានា ។ ក្រសួងអប់រំ នឹងចុះត្រួតពិនិត្យវាយតម្លៃ យ៉ាងម៉ឺងម៉ាត់ លើការអនុវត្តន៍ របស់គ្រឹះស្ថានសិក្សា។
លោកបញ្ជាក់ថា ផ្អែកតាមបទពិសាធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអាចកំណត់ បាននូវជំហ៊ានបន្តបន្ទាប់សម្រាប់ ដំណាក់កាលទី២ និងទី៣ ៕ ដោយ អេង ប៊ូឆេង