ថ្ងៃទី ៩ វិច្ឆិកា អាចហៅថាជាថ្ងៃប្រហារជីវិត នយោបាយរបស់លោក សម រង្ស៊ី ឲ្យចប់សព្វគ្រប់ជាស្ថាពរ។ យុទ្ធនាការម្រាម ៩ ក៏ត្រូវផុតរលត់ត្រឹមនេះដែរ។ ពីពេលនេះទៅ ឆាកនយោបាយកម្ពុជា បានផាត់សម រង្ស៊ី ចេញពី បញ្ជីហើយដោយត្រូវបើក នូវទំព័រថ្មីវិញម្តង។ មិនត្រឹមតែត្រូវលុបឈ្មោះលោក សម រង្ស៊ី ចេញពីឆាកនយោបាយ កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរបៀបធ្វើនយោបាយ តាមបែបលោក សម រង្ស៊ី ក៏ត្រូវផ្លាស់ប្តូរដែរពីព្រោះវាហួស សម័យនិងអស់តម្លៃទៀតហើយ សម្រាប់សង្គមខ្មែរបច្ចុប្បន្ន ។ ហេតុអ្វីបានជាយ៉ាងដូច្នេះ?
មានហេតុផល សត្យានុម័តសំខាន់ៗមួយចំនួន ដូចខាងក្រោមដែលអាច បញ្ជាក់បានថា ឆាកនយោបាយកម្ពុជា ចាំបាច់ត្រូវបិទទំព័រលោក សម រង្ស៊ី ចោលដោយជំនួសមកវិញ នូវទំព័រថ្មី៖
ហេតុផលទី១៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ គឺជាបរាជ័យយ៉ាងអាម៉ាស់បំផុត របស់លោក សម រង្ស៊ី ។ ថ្ងៃដែលលោក សម រង្ស៊ី ប្រកាសដោយមហាអំនួតបំផុត ថាចូលមក ដឹកនាំចលនាមហាជន និងកងកម្លាំងប្រដាប់អាវុធ តាមគំរូនៅប្រទេសហ្វ៊ីលីពីន ឆ្នាំ១៩៨៦ ដើម្បីផ្តួលរំលំ រដ្ឋាភិបាល និងចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែល លោក សម រង្ស៊ី បានប្រកាសរៀបចំ បើកយុទ្ធនាការ ម្រាម ៩ ជាច្រើនខែមកហើយនោះ ទីបំផុត គ្មានអ្វីកើតឡើង សូម្បីតែបន្តិច ពោលគឺផែនការ ដ៏មហាអស្ចារ្យ របស់លោក សម រង្ស៊ី ស្ងាត់ជ្រៀបដូចចោរលួចសេះ។ ច្រកនានា តាមបណ្តោយព្រំដែនកម្ពុជា ថៃ ជាពិសេសច្រកអន្តរជាតិប៉ោយប៉ែត មានសកម្មភាពស្ងាត់ជ្រងំ ដោយមិនបានឃើញ មានសកម្មភាពណាមួយ របស់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី នោះឡើយ។
រីឯលោក សម រង្ស៊ី និងគូកនវិញក៏មិនឃើញ ស្រមោលនោះដែរ ខណៈដែលកម្លាំង មហាជនដែល លោក សម រង្ស៊ី អះអាងថា មានរាប់ម៉ឺន រាប់សែន ឬរាប់លាននាក់ នោះក៏គ្មានឃើញដែរ សូម្បីមួយក្រុមតូច។ នេះមានន័យថា កម្លាំងនយោបាយ របស់លោក សម រង្ស៊ី នៅសល់តែសម រង្ស៊ី ខ្លួនឯង ប្រពន្ធគាត់ និងមនុស្សមួយដំបរ ស្វាដែលនៅក្បែរគាត់ដូចជា មួរ សុខហួរ អេង ឆៃអ៊ាង ឡុង រី ហូ វ៉ាន់ ជាដើមតែប៉ុណ្ណោះ។
ដូច្នេះ តើមានប្រយោជន៍អ្វីដែល ពលរដ្ឋខ្មែរ រាប់ទាំងក្រុមកឹម សុខានិយមផងនោះ ត្រូវរាប់លោក សម រង្ស៊ី ថាជាកីឡាករក្នុងសង្វៀន នយោបាយតទៅទៀតនោះ?
ហេតុផលទី២៖ លោក សម រង្ស៊ី ធ្វើនយោបាយបោកប្រាស់ និងបោកប្រាក់ ប្រជាពលរដ្ឋខ្លួនឯង ជាដរាបនិងដោយឥតអៀនខ្មាស ។ ជាក់ស្តែង ផែនការថ្ងៃ ៩ វិច្ឆិកា គឺជាឧទាហរណ៍ដ៏ច្បាស់លាស់បំផុត ដែលបញ្ជាក់មិនអាចប្រកែក បានអំពីបញ្ហានេះ។
លោក សម រង្ស៊ី បានសម្តែងឆាក ល្ខោនដូចមែនទែន ក្នុងរឿងសំបុត្រយន្តហោះ ដែលខ្លួនឥតបានកក់ទិញសោះនោះ ហើយក៏ ប្រើស្ទីលដដែលៗគឺគ្មានអ្វី ក្រៅពីរៀបចំវ៉ាលី បង្ហាញលិខិតឆ្លងដែន អូសវ៉ាលីចូលទៅ ព្រលានយន្តហោះ សំភាសន៍ជាមួយអ្នកកាសែត ថាចូលស្រុកខ្មែរវិញ ហើយទោះជាប់គុក រឺស្លាប់ក៏ទៅដែរ ។ល។ ប៉ុន្តែ បន្ទាប់ពីថតរូបបង្ហោះ តាមហ្វេសប៊ុករួច ក៏ប្រកាសថា មិនបានទៅវិញទេ ដោយមូលហេតុនេះ ឬមូលហេតុ នោះតាមដែលគាត់ចង់ថា។
ការពិត គោលដៅយុទ្ធសាស្ត្រ របស់លោក សម រង្ស៊ី គឺការប្រើនយោបាយប្រជាភិថុតិ ដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួន មើលឃើញថា ខ្លួនជាអ្នកក្លាហាន ជាអ្នកប្រជាធិបតេយ្យ និងស្នេហាជាតិពិត ប្រាកដដើម្បីទាញកម្លាំងពួកគេ មកប្រើប្រាស់ ធ្វើជាឈ្នាន់នយោបាយ។ ប៉ុន្តែ ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ហើយបាតដៃ ក៏មិនអាចបាំងពន្លឺ ព្រះអាទិត្យ បានដែរ ព្រោះរូបភាពដែលគាត់ បានបង្ហាញនោះ វាផ្ទុយស្រឡះ ពីចរិតពិតរបស់គាត់ ដែលជាមនុស្សកំសាក ផ្តាច់ការ និងបំផ្លាញជាតិ។
លោកសម រង្ស៊ី ដែលអួតក្តែងៗថា នឹងចូលមកកម្ពុជា ឲ្យបាននៅថ្ងៃ ៩ វិច្ឆិកានេះទោះជាត្រូវគេរារាំងយ៉ាងណាក៏ដោយនោះ ឥឡូវ សូម្បីស្រមោលក៏មិនឃើញ នៅទីតាំងដែលខ្លួនអួតថា មកនោះដែរ គឺបានមកដល់ត្រឹមប្រទេសម៉ាឡេ ក្នុងនាមជាអ្នកទេសចរម្នាក់ តែប៉ុណ្ណោះ។ ប៉ុន្តែ សម រង្ស៊ី និងគូកន បែរជាជំរុញ ឲ្យអ្នកគាំទ្រ ធ្វើសកម្មភាពជំនួសខ្លួនទៅវិញ។ នេះហើយជាកត្តាកំណត់ នៃបរាជ័យយ៉ាងអាម៉ាស់បំផុត របស់លោក សម រង្ស៊ី សម្រាប់ផែនការ ៩ វិច្ឆិកា។
ហេតុផលទី៣៖ នលើឆាកអន្តរជាតិ ក៏គេស្ទើរតែលែងនិយាយពីឈ្មោះ សម រង្ស៊ី ទៅហើយដែរក្រៅតែ ពីបុគ្គលមួយចំនួន ដែលជាម៉ូយចាស់និងអ្នកខ្លះទៀត ធ្វើជាគាំទ្រសម រង្ស៊ីដើម្បីរកប្រជាប្រិយភាព និងប្រយោជន៍សំរាប់ខ្លួនឯងតែប៉ុណ្ណោះ។ ក្នុងការធ្វើនយោបាយជាង ២០ ឆ្នាំកន្លងទៅនេះ លោក សម រង្ស៊ី ជួបតែនឹងបរាជ័យ រត់ចោលស្រុក អត់ស្វាងហើយទៅអំពុលទុក្ខ គេជាដរាប។
អ្វីដែល សម រង្ស៊ី និយាយពីកម្ពុជា ប្រាប់អន្តរជាតិ ទៀតសោធ សុទ្ធសឹង ជាពាក្យភូតកុហក លើគោក ក្នុងន័យបំផ្លាញ ប្រទេសជាតិខ្លួនឯង ដើម្បីតែផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួនតែ ប៉ុណ្ណោះ។ ការធ្វើកំហុស ខាងយុទ្ធសាស្ត្រដ៏ធំបំផុត ដែលសហគមអន្តរជាតិ ត្រូវតែដកខ្លួន អោយឆ្ងាយផុត ពីលោក សម រង្ស៊ី នោះ គឺការប្រមាថមាក់ងាយ អង្គព្រះមហាក្សត្រ និងជាពិសេស ការអំពាវនាវ អោយកងទ័ពផ្តាច់ខ្លួន ហើយបែរចុងកាណុង ប្រឆាំងរដ្ឋាភិបាល ដែលទង្វើនេះគឺស្មើនឹងការប្រកាសជាចំហរ ធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលផង និងប្តូររបប រាជានិយមនៅកម្ពុជាផង ។
ចុងក្រោយនេះ សារព័ត៌មានអន្តរជាតិល្បីៗ ក៏បានចាប់ផ្តើម វាយប្រហារលោក សម រង្ស៊ី ផងដែររឿងមិនបានកក់ សំបុត្រយន្តហោះ។
ហេតុផលទាំងអស់នេះ គឺជាកត្តាសត្យានុម័ត មិនអាចប្រកែកបាន ដែលនាំដល់ការបរាជ័យ នៃយុទ្ធនាការម្រាម ៩ របស់លោក សម រង្ស៊ី។ ស្ថានភាពថ្ងៃ ៩ វិច្ឆិកា នេះ ក៏អាចវាស់ស្ទង់បាន យ៉ាងច្បាស់លាស់ផងដែរ អំពីកម្លាំងនយោបាយ របស់លោក សម រង្ស៊ី។
តាមរយៈព្រឹត្តការណ៍ថ្ងៃនេះ បើនិយាយពីឡានវិញ លោក សម រង្ស៊ី គឺជាឡានខូច ហើយអស់សាំង រីឯអ្នកបើកបរក៏ចាស់ជរា មើលផ្លូវលែងឃើញ ទៅហើយ។ ដូច្នេះ មធ្យោបាយមានតែមួយគត់ គឺត្រូវប្តូរទាំងឡាន និងប្តូរទាំងសាំង និងទាំងអ្នកបើកបរ ដើម្បីឲ្យមានសន្ទុះថ្មី។ យ៉ាងណាមិញ ឆាកនយោបាយកម្ពុជាពេលនេះ ត្រូវការតួអង្គនយោបាយថ្មី ក្នុងក្រុមប្រឆាំង ដែលអាចធ្វើជាដៃគូ ដ៏ស័ក្តិសម ជាមួយលោក ហ៊ុន សែន ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ ឲ្យលឿនទៅមុខ ដោយគ្មានឧបសគ្គដូចក្នុង យុគសម័យដែលសម រង្ស៊ី ជាមេបក្សប្រឆាំងនោះឡើយ។ ជោគវាសនានយោបាយ របស់លោក សម រង្ស៊ី អស់ហាងឆេង ត្រឹមនេះហើយ។ សូមសម្រាកចុះលោក សម រង្ស៊ី goodbye ៕
ដោយ: សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យកំពង់ចាម