ព័ត៌មានជាតិ

ធនធានប្រេងកាត គឺជាដើមទុន ដ៏មានតម្លៃរបស់ជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

កោះកុង : នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពី “បច្ចុប្បន្នភាព នៃវិស័យប្រេងកាតកម្ពុជា” នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ លោក ញ៉ឹក សុមេធ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា: ធនធានប្រេងកាត គឺជាដើមទុនដ៏មានតម្លៃរបស់ជាតិ សម្រាប់ជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផ្តល់ផលប្រយោជន៍យូរអង្វែង លើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ។

ការធ្វើធុរកិច្ច ដើម្បីទាញយកមកប្រើប្រាស់ នូវបណ្ដាធនធាននេះ គឺជាវិនិយោគរបស់ជាតិ ដើម្បីទទួលបាននូវផលប្រយោជន៍ ជាវឌ្ឍនភាពរុងរឿងនៃសង្គមជាតិ នឹងភាពល្អប្រសើរ នូវជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាទាំងអស់។

ទន្ទឹមនេះ ការធ្វើអាជីវកម្មធនធាននេះជាទូទៅ គឺជៀសមិនផុតពីផលប៉ះពាល់ផ្សេងៗ ចំពោះបរិស្ថានសង្គម និងជាពិសេស ចំពោះសហគមន៍មូលដ្ឋាន ដូច្នេះបេសកកម្មចម្បង របស់ក្រសួងរ៉ែនិងថាមពល គឺការប្រកាន់យកនូវទស្សនវិស័យ ដែលជំរុញឲ្យការអភិវឌ្ឍ នឹងអាជីវកម្មធនធានប្រេងកាត បញ្ជៀសឲ្យបានជាអតិបរមា នៅផលប៉ះពាល់អវិជ្ជមានផ្សេងៗ ដល់បរិស្ថានសង្គម ព្រមទាំងការពារនិងជំរុញ លើកកម្ពស់ផលប្រយោជន៍ របស់សហគមន៍មូលដ្ឋាន ដើម្បីប្រែក្លាយជាវិនិយោគ ក្នុងវិស័យនេះ បានប្រកបដោយទិន្នផល សេដ្ឋកិច្ចសង្គមខ្ពស់បំផុត និងមានតម្លាភាព។

លោកបានថ្លែងបន្តថា : ទស្សនវិស័យនិងក្របខ័ណ្ឌយុទ្ធសាស្ត្រ ដែលត្រូវបានកំណត់ដាក់ចេញនេះ និងបង្កើតជាដំណើរផ្លូវដ៏ស្មុគស្មាញ នឹងមានភាពលំបាក សម្រាប់យើងទាំងអស់គ្នា តែទោះយ៉ាងណា នៅលើដំណើបនេះ ភាពជាដៃគូយ៉ាងជិតស្និទ្ធ និងប្រកបដោយទំនុកចិត្ត រវាងផ្នែកសាធារណៈ បណ្ដាញសង្គមស៊ីវិល និងផ្នែកឯកជន គឺជាកត្តាកំណត់ ភាពជោគជ័យរបស់យើង ក្នុងបណ្ដាទិសដៅ យុទ្ធសាស្ត្រទាំងអស់ របស់យើង ក៏ដូចជាការធានាការពារបាន នូវផលប្រយោជន៍យូរអង្វែងរបស់ជាតិ នៅក្នុងការអភិវឌ្ឍន៍វិស័យប្រេង និងឧស្ម័ននេះ។

រហូតមកដល់ពេលនេះ យើងអាចវាយតម្លៃបានថា ការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងវិស័យប្រេងនិងឧស្ម័ន ត្រូវបានអនុវត្ត ប្រកបដោយការព្យាយាមចិត្តទុកដាក់ខ្ពស់ នឹងទទួលបានផលគួរជាទីមោទនៈ ហើយក្រសួង ក៏បានយកចិត្តទុកដាក់ លើការអនុវត្តសកម្មភាព អាទិភាពសំខាន់ៗដូចជា ការកសាងសមត្ថភាពស្ថាប័ន ការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច និងការគ្រប់គ្រងប្រតិបត្តិការប្រេងកាត ដោយសង្កត់លើការ រៀបចំគោលនយោបាយបទដ្ឋានគតិយុត្តិ និងការរៀបចំឡើងវិញ ផ្នែកស្ថាប័នកិច្ចការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពមន្ត្រីរាជការ រួមទាំងការរឹតបន្តឹង ការត្រួតពិនិត្យនិងប្រសិទ្ធភាព នៃការអនុវត្ត កាតព្វកិច្ចព្រមព្រៀងប្រេងកាត និងការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការប្រមូលចំណូល មិនមែនសារពើពន្ធ ពីវិស័យប្រេងនិងឧស្ម័ន ថែមទាំងការរៀបចំយន្តការ និងក្របខ័ណ្ឌអភិវឌ្ឍន៍ ដើម្បីពង្រឹងស្តង់ដារសុវត្ថិភាពបរិស្ថាន និងសង្គមនិងការវាយតម្លៃយុទ្ធសាស្ត្រ នៃផែនការបរិស្ថាន ក្នុងគម្រោងប្រេងកាត។

លោកបានបញ្ជាក់ថា អំពីគោលនយោបាយ និងសកម្មភាពអទិភាពឆ្នាំ ២០១៩- ២០២៣ នៃវិស័យប្រេងកាតកម្ពុជា ក្រសួងរ៉ែនិងថាមពល មានបេសកកម្មយ៉ាងធំធេង ក្នុងការអភិវឌ្ឍវិស័យប្រេងកាត ឲ្យអស់លទ្ធភាព តាមរយៈការស្វែង រុករកអភិវឌ្ឍន៍ផលិតកម្ម ប្រព្រឹត្តិកម្មដឹកជញ្ជូនសន្និធិ និងការធ្វើពាណិជ្ជកម្មប្រេងនិងឧស្ម័ន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផលប្រយោជន៍យូរអង្វែង នៃប្រទេសជាតិនឹងភាពល្អប្រសើរ នៃជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា៕

To Top