ព័ត៌មានជាតិ

សម្ដេចតេជោណែនាំពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារកូវីដ១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរមកប្រទេស ត្រូវធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ខណៈក្រសួងបានបន្ដព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ៣នាក់ បន្ថែមទៀត កាលពីថ្ងៃទី១៨ កក្កដា ។

សម្ដេចតេជោ ថ្លែងបែបនេះ ក្រោយពីមានអ្នកដំណើរ ស្ដ្រីខ្មែរម្នាក់សញ្ជាតិអាមេរិក បានលួចរត់ចេញពី កន្លែងធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ កក្កដា ហើយបច្ចុប្បន្ននេះ ត្រូវបាន សមត្ថកិច្ចខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនស្ដ្រីរូបនោះផងដែរ ។

សូមជម្រាបថា នៅកម្ពុជាមកទល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន១៧១នាក់ ព្យាបាលបានជាសះស្បើយ ១៣៦នាក់ និងចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ ដែលកំពុង ព្យាបាលពេលនេះគឺមាន៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ កក្កដា នេះ ថា ទោះបីពលរដ្ឋធ្វើដំណើរ ទៅទីណាក៏ដោយ ,ទី១-ត្រូវតែប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាព ក្នុងពេលបើកបរ គឺត្រូវគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ព្រោះគ្រោះថ្នាក់អាចកើតឡើង តែមួយវិនាទីប៉ុណ្ណោះ ប្រសិនបើ ធ្វេសប្រហែសមិនគោរពច្បាប់ និងទី២-ត្រូវការពារសុវត្ថិភាពសុខភាពខ្លួនឯង និង ក្រុមគ្រួសារ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ឲ្យសោះ ព្រោះជំងឺនេះឆ្លងរាតត្បាតលឿន សាហាវខ្លាំងណាស់ ដូចនៅអាមេរិក ដែលចំនួនអ្នកឆ្លងកំពុងកើន ឡើងយ៉ាងគំហុគ ។

សម្ដេចតេជោ មានប្រសាសន៍ថា «ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរណ៍ដែលធ្វើដំណើរ មកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ជាពិសេសនៅពេល ដែលពិនិត្យសុខភាពរួចហើយ អនុញ្ញាត្តិឲ្យរស់នៅដាច់ដោយឡែក ចំនួន១៤ ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើ តាមបញ្ជាណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង នឹងសម្រាប់អ្នកដទៃផង»។

សម្ដេចតេជោ រៀបរាប់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍ដុសលាងសម្អាត ដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារឲ្យបានល្អ ហើយកុំធ្វេស ប្រហែសដោយគិតខ្លីថាមិនអីទេ។

សម្ដេចតេជោ រៀបរាប់បន្ដថា ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ដែលបានអនុញ្ញាត្តិ ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ ក្លីនិកតូចធំ ក្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជនឬក្រុមគ្រួសារ អ្នកជំងឺដើម្បីទប់ស្កាត់ការរិករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល៕

To Top