ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិ ឲ្យគ្រប់ខេត្ត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រៀមទទួលភ្ញៀវទេសចរ ជាតិ-អន្តរជាតិ

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ បានជំរុញរដ្ឋបាលខេត្ត អាជីវករ ម្ចាសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានត្រៀមទទួលភ្ញៀវទេសរជាតិនិងអន្តរជាតិក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងចំនួន៥ថ្ងៃនាពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអនុញ្ញាតឲ្យពលរដ្ឋបានឈប់សម្រាក៥ថ្ងៃចាប់ពីថ្ងៃ១៧ដល់២១សីហា ដើម្បីឈប់សងជំនួសថ្ងៃចូលឆ្នាំខ្មែរ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆមាសទី២ នៅខេត្តសៀមរាបថ្ងៃ១៩ កក្កដា សម្តេច ទៀ បាញ់ បានថ្លែង ថានៅខែសីហាខាងមុខ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត និងកម្មករឈប់ សម្រាករយៈពេល៥ថ្ងៃ ដូចនេះ ខេត្តនិងអាជីវករដែលជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានខេត្តត្រូវត្រៀមទទួលភ្ញៀវទេសរជាតិទោះបីស្ថានភាពភ្ញៀវទេសចរអន្តរជាតិពុំទាន់មានការកើនឡើងក៏ដោយ តែទោះជាយ៉ាងណាត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ 

សម្តេច ទៀ បាញ់ បានសង្កត់ធ្ងន់ថា ចំពោះស្ថានភាពជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប គឺមានស្ថានភាព ល្អដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការគ្នាល្អក្នុងការទប់ស្កាត់ និងតាមដានជាប្រចាំ ពិសេសបានធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស។ 

សម្តេចបន្ថែមថា បញ្ហាកូវីដ-១៩នេះ ក៏ពុំទាន់មានការឆ្លងជាសហគមន៍ និងនរណាម្នាក់បានស្លាប់នោះទេ តែគឺជាការនាំចូលតែប៉ុណ្ណោះ ទោះជាបែបនេះក្តីក៏ត្រូវបង្កើននូវការប្រុងប្រយ័ត្នដដែល ជៀសវាងការឆ្លងជំងឺកូវីដ-១៩ដោយប្រការណាមួយ។

ជាមួយគ្នានោះ សម្តេច ទៀ បាញ់ ក៏បានណែនាំដល់អាជ្ញាធរស្រុក វ៉ារិន ស្រុកស្វាយលើដែលមានបញ្ហា ព្រំប្រទល់រដ្ឋបាលត្រូវធ្វើការដោះស្រាយជាមួយស្រុក និងស្រុក ប៉ុន្តែប្រសិនជាការដោះស្រាយពុំបានលទ្ធផលយ៉ាងណានោះ ក្រសួងមហាផ្ទៃនឹងចុះមកដោះស្រាយដើម្បីបញ្ចប់បញ្ហា៕

To Top