ព័ត៌មានជាតិ

លោក ស ថេត ឲ្យមន្រ្តីអប់រំជាប្រចាំដល់ ម្ចាស់ស្ថានីយ៍លក់ប្រេង ទីតាំងលក់និងបញ្ចូលហ្គាស់ ក្រោយផ្ទុះហ្គាស់ ធ្វើឲ្យមនុស្សស្លាប់៤នាក់

ភ្នំពេញ ៖ ស្នងការនគរបាលនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយឯក ស ថេត បានណែនាំដល់លោកស្នងការរង ការិយាល័យបង្ការអគ្គិភ័យ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំដល់អ្នកប្រកបមុខរបរដែលងាយរងគ្រោះដូចជា ស្ថានីយ៍លក់ប្រេង ទីតាំងលក់និងបញ្ចូលហ្គាស់ ជាពិសេសទីតាំងងាយរងគ្រោះផ្សេងៗទៀត ។

លោកថា ហើយទីតាំងទាំងនោះ គួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមជួយសង្គ្រោះបឋម ក្នុងករណី ដែលមានអគ្គិភ័យកើតឡើយជាយថាហេតុ ។

នេះបើតាមប្រសាសន៍លោកក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការចុះអនុវត្ត ត្រួតពិនិត្យតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ការណែនាំរបស់លោកនេះក្រោយពីមានហេតុការណ៍ផ្ទុះធុងហ្គាស់បង្កទៅជាគ្រោះអគ្គិភ័យ នៅផ្លូវ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្តាលឲ្យមានមនុស្សស្លាប់៤នាក់ និងរបួស៥នាក់នៅវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថៃ្ងទី១៨ ខែកក្កដា ឆ្នាំ២០២០ ៕

To Top