ព័ត៌មានអន្តរជាតិ

VN Express ៖ ក្រុមហ៊ុនជប៉ុនចំនួន ១៥ នឹងរើរោងចក្រពីប្រទេសចិន មកដាក់នៅវៀតណាម

បរទេស៖ ស្ថិតនៅក្រោមគ្រោងការណ៍ដែលរដ្ឋាភិបាល ជប៉ុននឹងផ្តល់មូលនិធិសម្រាប់ការផ្លាស់ប្តូរផលិតកម្មពីប្រទេសចិននោះ គឺក្រុមហ៊ុនជប៉ុនចំនួន ១៥ បានចុះឈ្មោះដើម្បីផ្លាស់រោងចក្រទៅប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុនទាំង ១៥ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុនចំនួន ៣០ ដែលនឹងត្រូវចំណាយដើម្បីផ្លាស់រោងចក្រចេញពីប្រទេសចិន ហើយបង្កើតវានៅទីផ្សារអាស៊ីអាគ្នេយ៍ ដូចជាវៀតណាម ហ្វីលីពីន ថៃ និង ប្រទេសឡាវ។

ដោយចេញបញ្ជីឈ្មោះ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Japan External Trade Organization (Jetro) បាននិយាយថា មានក្រុមហ៊ុនចំនួន ៦ ក្នុងចំណោម ១៥ ជាក្រុមហ៊ុនធំ ហើយនៅសល់ ៩ ទៀត ជាសហគ្រាសធុនតូចនិងមធ្យម។

ភាគច្រើននៃក្រុមហ៊ុនទាំងនេះ ផលិតឧបករណ៍វេជ្ជសាស្រ្ត ខណៈដែលក្រុមហ៊ុននៅសល់ គឺផលិតឧបករណ៍អេឡិចត្រូនិកគ្រឿងបន្លាស់ទូរស័ព្ទ ម៉ាស៊ីនត្រជាក់ ឬម៉ូឌុលថាមពល។

គេមិនទាន់ច្បាស់ទេថាតើក្រុមហ៊ុនទាំងនោះនឹងផ្លាស់ប្តូរទាំងស្រុងឬមួយផ្នែកពីប្រទេសចិនយ៉ាងណានោះទេ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺ Hoya Corporation ដែលផលិតគ្រឿងបន្លាស់រឹង ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទៅប្រទេសវៀតណាមនិងឡាវ៕ ប្រែសម្រួលៈ ណៃ តុលា

To Top