ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីអញ្ជើញ ចុះទៅពិនិត្យមើល សកម្មភាពបង្កបង្កើនផល និងសំណេះសំណាល ជាមួយបងប្អូន ប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញចុះទៅពិនិត្យមើល សកម្មភាពធ្វើស្រែ បង្កបង្កើនផល និងសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែនបានឲ្យដឹងថា « ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា តាំងពីសម័យដូនតាយើងមកម៉្លេះ ។
ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម ។ ពេលនេះជាឱកាសល្អបំផុត ក្នុងការជញរុញវិស័យកសិកម្ម នៅទូទាំងប្រទេស អោយកាន់តែរីកចម្រើន» ។

សូមបញ្ជាក់ផងដែរថា ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម ។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងដំណើរចុះពិនិត្យខាងលើនេះ សម្តេចតេជោ អាចនឹងចុះជួយស្ទូង និងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង ប៉ុន្តែមិនច្រូតដោយដៃទៀតទេ គឺដោយគ្រឿងម៉ាស៊ីន ៕

To Top