កំពង់ឆ្នាំង៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះបេសកកម្មខេត្តទី១៨ ដើម្បីផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមកម្មវិធីហិញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19នេះ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ លោក អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ៕