ព័ត៌មានជាតិ

រដ្ឋមន្រ្តីការងារ ចាត់ទុកយុវជន ជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធាន ដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជន ជាកម្លាំងជួរមុខរបស់ប្រទេស។

លោករដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាត ឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុនឆ្នាំ២០២០ ចូលជួបនិងផ្តល់អនុសាសន៍ មុនពេលចេញដំណើរ ទៅបំពេញការសិក្សារៀនសូត្រ នៅពេលខាងមុខ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋមន្រ្តីបានរំលឹកថា ដូចដែលយើងគ្រប់គ្នាបានដឹងហើយ ស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ បញ្ហាសុខភាពគឺជារឿងចម្បង ដែលត្រូវយកចិត្តទុកដាក់គិតគូរ អត់ធ្មត់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅ និងរៀនសូត្រ មិនថា ស្ថិតនៅក្នុងបរិបទណានោះទេ។

លោកបន្តថា ការឈាន ទៅយកបរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតរបស់ក្មួយៗនាពេលនេះ ជាការសំខាន់ណាស់ ព្រោះថា ការសិក្សានៅប្រទេសជប៉ុន ពិតជាមានកម្រិតខ្ពស់ និងជាប្រទេសឈានមុខ ផ្នែកបច្ចេកវិទ្យា ដែលក្មួយៗ ត្រូវតែយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹង មកអភិវឌ្ឍន៍ប្រទេសយើងវិញ នាពេលខាងមុខ។ ក្រៅពីសិក្សាជំនាញ ក្មួយៗក៏ត្រូវស្រាវជ្រាវ បទពិសោធន៍រវាងសង្គម និងសង្គម ព្រោះថា នៅជប៉ុនមានការគោរពគ្នាល្អណាស់ ជាពិសេសរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះ ពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ ទាំងក្នុងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលយើងគួរតែរៀនសូត្រតាម។ ក្មួយៗទាំងអស់គ្នា ត្រូវតែត្រៀមខ្លួន សម្រាប់ការងាររស់នៅក្នុងប្រទេសមួយនេះ ក្រៅពីរៀនសូត្រអ្នកទាំងអស់គ្នា គឺជាទូតសុឆន្ទៈរបស់កម្ពុជាផងដែរ ដែលត្រូវតែបង្ហាញពីសកម្មភាពល្អៗ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់ របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀត ដែលក្មួយៗបានជួប និងរស់នៅក្នុងពេលសិក្សា នៅក្នុងប្រទេសនោះ។ ម៉្យាងទៀតត្រូវតែសិក្សា ពីបរិយាកាសសេដ្ឋកិច្ច សង្គម នយោបាយរបស់ប្រទេសជប៉ុន ក្នុងនាមជា ប្រទេសដៃគូពាណិជ្ជកម្មដ៏ធំមួយ របស់កម្ពុជាផងដែរ។

បើតាមលោក ឈាង សុភា ប្រធានក្រុមបេក្ខជន ជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុនឆ្នាំ២០២០ បានលើកឡើងថា កម្មវិធីអាហារូបករណ៍ ក្រោមជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ហៅកាត់ថាJDS បានបង្កើតឡើងតាំងពីឆ្នាំ២០០០ និងបានបញ្ជូននិស្សិតកម្ពុជា ៤១៦រូប ទៅកាន់ប្រទេសជប៉ុន រហូតដល់ពេលនេះ ដើម្បីធ្វើការបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយបីឆ្នាំចុងក្រោយនេះ មានថ្នាក់បណ្ឌិតផងដែរ ដោយមួយឆ្នាំៗ មានបេក្ខជនបណ្ឌិត២រូប។

ចំពោះយុវជនទាំង២៤រូប ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុននេះ សុទ្ធតែជាមន្ត្រីរាជការ មកពីក្រសួងស្ថាប័នរបស់រដ្ឋ រីឯជំនាញអាទិភាព ដែលត្រូវសិក្សានៅជប៉ុនរួមមាន ជំនាញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ជំនួយអភិវឌ្ឍវិស័យឯកជន, ជំនាញអភិវឌ្ឍគុណភាពអប់រំ, ជំនាញអភិវឌ្ឍកសិកម្ម និងជនបទ, ជំនាញអភិវឌ្ឍបរិស្ថានរស់នៅទីក្រុង, ជំនាញអភិវឌ្ឍប្រព័ន្ធសុខុមាលភាព និងធានារ៉ាប់រងសង្គម ,ជំនាញអភិវឌ្ឍមុខងាររដ្ឋបាល, ជំនាញអភិវឌ្ឍផ្នែកច្បាប់ និងតុលាការ, ជំនាញទំនាក់ទំនងអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា គោលបំណង នៃកម្មវិធីអាហារូបករណ៍ផ្តោតសំខាន់ លើមន្រ្តីវ័យក្មេង ដែលមានសមត្ថភាព និងមានស្មារតីចូលរួមបង្កើត និងអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចំរើនកាន់តែប្រសើរឡើង នាពេលអនាគត ព្រមទាំងចូលរួមក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែស្អិតរមូតបន្ថែមទៀត៕

To Top