ព័ត៌មានជាតិ

ក្រសួងសាធារណការ អំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវ ស្វែងយល់ពីច្បាប់ចរាចរណ៍ ដើម្បីជៀសផុតពី ឃាតកលាក់មុខ

ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិ ការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវ ស្វែងយល់ពី ច្បាប់ចរាចរណ៍បានច្បាស់លាស់ ដើម្បីជៀសផុតពីឃាតកលាក់មុខ ឬហៅថា គ្រោះថ្នាក់ចរាចរណ៍។

ក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកដល់បុគ្គលិក និយោជិតក្រុមហ៊ុន ប្រមាណ ៦០នាក់ មកពីក្រុមហ៊ុនចំនួន២២ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកស្រី មឹន មាណវី បានថ្លែង ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតកលាក់មុខ ឆក់យកជីវិតប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ប្រមាណពី៥ ទៅ៦នាក់ ក្នុង១ថ្ងៃ ហើយបន្សល់ទុកក្មេងកំព្រា ស្ត្រីមេម៉ាយ បុរសពោះម៉ាយ ពិការភាព និងធ្វើឲ្យពួកគាត់ ធ្លាក់ខ្លួនក្នុងភាពក្រីក្រ។

លោកស្រី មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវ ឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ស្វែងយល់ពីច្បាប់ចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ឲ្យបានច្បាស់លាស់ និងចូលរួមគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុត ពីឃាតកលាក់មុខនោះឲ្យបាន និងសូមរៀបចំខ្លួន និងរស់នៅក្នុងនាមជាពលរដ្ឋស៊ី វីល័យក្នុងសង្គម ដោយត្រូវចងចាំថា សុវត្ថិភាពចរាចរណ៍ផ្ដើមចេញពីមនុស្សម្នាក់ៗ ដោយហេតុថា គ្មានអ្នកណាម្នាក់អាចគេចផុត ពីការប្រើប្រាស់ផ្លូវថ្នល់បានឡើយ»។

យោងតាមរបាយការណ៍ របស់អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះប្រមាណ២៥% នៅក្នុងឆមាសទី១ ឆ្នាំ២០២០ បើ ធៀបនឹងរយៈពេលដូចគ្នា​ ក្នុងឆ្នាំ២០១៩ តាមរយៈការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ តាមវិធីសាស្ត្រនិងយុទ្ធនាការនានា របស់លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក៕ ដោយ៖ អេង ប៊ូឆេង

To Top