ព័ត៌មានជាតិ

ទូតជប៉ុន ថ្លែងអំណរគុណប្រជាជនកម្ពុជា ដែលផ្ញើសារលើកទឹកចិត្ត ចំពោះប្រជាជនជប៉ុន រងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា ដែលបានផ្ញើសារលើកទឹកចិត្តចំពោះប្រជាជនជប៉ុន ដែលរងគ្រោះដោយសារទឹកជំនន់។

តាមរយៈវីដេអូរបស់ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ជាង១នាទី បង្ហោះនៅក្នុងហ្វេសប៊ុកទូតជប៉ុន នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នាពេលនេះតំបន់មួយចំនួននៃប្រទេសជប៉ុន បានទទួល រងគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង ហើយប្រជាជនជប៉ុន ដែលទទួលរងការបំផ្លិចបំផ្លាញ បាននិងកំពុងរៀប ចំជីវភាពឡើងវិញ។
ឯកអគ្គរាជទូតជប៉ុន បានឲ្យដឹងថា មានសហការីរបស់កម្ពុជាមួយចំនួន ដែលកំពុងធ្វើការនៅខេត្តគឹម៉ាម៉ូតូ នៃប្រទេសជប៉ុន ក៏បានទៅសួរសុខទុក្ខប្រជាជនជប៉ុន ដែលរងគ្រោះដោយសារទឹកជំនន់។ ជាពិសេស សហការីរបស់កម្ពុជា ក៏បានជួយសម្អាតផ្ទះប្រជាជនជប៉ុនដោយស្មគ្រ័ចិត្តផងដែរ។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា «ចំណែកនៅកម្ពុជា លោក-លោកស្រី ក៏បានផ្ញើសារលើកទឹកចិត្ត នៅលើទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនផងដែរ។ខ្ញុំសូមថ្លែង អំណរគុណ ចំពោះទឹកចិត្តដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា សូមអរគុណ»។

សូមរំលឹកថា នាពេលថ្មីៗ ប្រទេសជប៉ុនបានទទួលរងគ្រោះដោយសារ ទឹកភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យប្រជាជនជប៉ុនបាត់ខ្លួនមនុស្សមួយចំនួន និងជួបបញ្ហាផ្សេងៗ ជាដើម៕ដោយ៖ អេង ប៊ូឆេង

To Top