ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការអនុវត្ត ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញចុះពិនិត្យសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា ហើយក៏បានអញ្ជើញ កាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើ ជាផ្លូវការនូវសិទ្ធផលថ្មីៗ រួមមាន អគារអាហារដ្ឋាន សាលមហោស្រព និងអគារកង់ទីន។

ក្នុងនោះផងដែរ សម្ដេចក្រឡាហោម ក៏នឹងបន្តអញ្ជើញទស្សនា សាលមហោស្រព ការប្រគំតន្ដ្រី ចំនួន២បទ និងទស្សនាវិដេអូខ្លីអំពីសកម្មភាព បណ្ដុះបណ្ដាលរបស់បណ្ឌិត្យសភា ព្រមទាំងទស្សនាខ្សែភាពយន្ដខ្លី ស្ដីពីសកម្មភាពស៊ើបអង្កេត និងបង្ក្រាបបទល្មើស របស់កងកម្លាំងនគរបាល។

សូមជម្រាបថា បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅបាន ដាក់ចេញ និងអនុវត្តដោយជោគជ័យ នូវកម្មវិធីកំណែទម្រង់របស់ខ្លួន លើការងារសំខាន់ៗ ទាក់ទងនឹងការដឹកនាំ គ្រប់គ្រងការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូ និងមន្រ្តី ការអភិវឌ្ឍធនធានរូបវន្ត និងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល កិច្ចសហការប្រតិបត្តិការអន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា។

ការធ្វើកំណែទម្រង់ខាងលើនេះ ដើម្បីឈានទៅសម្រេច បានជោគជ័យលើការអនុវត្ត ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ខ្លួន ការកសាងវប្បធម៌គុណភាព និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ កងកម្លាំងនគរបាលជាតិ ស្របតាមតម្រូវការរបស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ ការលើការអប់រំបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិ ក្នុងពេលអនាគត ៕

ដោយ៖ អេង ប៊ូឆេង

To Top