ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមបញ្ជាក់ថា ស្រ្តីខ្មែរសញ្ជាតិអាមេរិក ដែលធ្លាប់លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក គ្មានមេរោគកូវីដ១៩នោះទេ

ភ្នំពេញ៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកដែលធ្លាប់បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗ និងបានធ្វេីចត្តាឡីស័ក បន្តក្នុងខេត្តកំពង់ចាមត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះ  បន្ទាប់ពីបានតាមដានសុខភាពរយ:ពេល១៤ថ្ងៃ  និងមានលទ្ធផលធ្វេីតេសកូវីត១៩អវិជ្ជមាន ចំនួន២ដង។

សូមរំលឹកថាស្ត្រីខ្មែរសញ្ជាតិអាមេរិក  ឈ្មោះ រ៉ូស វីរ៉ាបានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។បន្ទាប់មកអាជ្ញាធរបានរកឃើញគេសម្ងំលាក់ខ្លួននៅសណ្ឋាគារមួយកន្លែង ក្នុងខេត្តកំពង់ចាម ហើយអាជ្ញាធរក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃដើម្បីតាមដានសុខភាពជាថ្មីម្ដងទៀតផងដែរ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០លោក អ៊ុន ចាន់ដា អះអាងថា “ករណីស្រ្តីជនជាតិខ្មែរ  សញ្ញាតិ អាមេរិកដែលបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កកំរិត២   នៅរាជធានី ភ្នំពេញនិងបានធ្វេីចត្តាឡីស័កកម្រិត២បន្តក្នុងខេត្តកំពង់ចាមត្រូវបានអនុញ្ញាតអោយចេញពី មណ្ឌលចត្តាឡីស័កនៅថ្ងៃនេះបន្ទាប់ពីបានតាមដានសុខភាពរយ:ពេល១៤ថ្ងៃ  និងមានលទ្ធផលធ្វេីតេសកូវីត១៩   អវិជ្ជមាន  ចំនួន២ដង”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៣៤នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ១៦២នាក់ ខណៈអ្នកសម្រាកព្យាលបាលនៅសល់ចំនួន៧០នាក់៕ដោយ៖ធី លីថូ

To Top