ភ្នំពេញ៖ លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន សន្យាជួយផ្សព្វផ្សាយពី សក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងរកឱកាសវិនិយោគ និងកៀងគរអ្នកទេសចរ ឲ្យមកលេងកម្សាន្តបន្ថែមទៀត។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទីពីរហើយ ដែលលោកមកទស្សនកិច្ច នៅខេត្តព្រះសីហនុ បន្ទាប់ពីលោក បានឡើងកាន់តំណែង ជាឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
កាលពីរឆ្នាំមុន លោក ក៏បានមកភ្នំពេញ ចូលរួមកិច្ចប្រជុំអាស៊ាន ហើយមកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និយាយរួមគឺខេត្តព្រះសីហនុ តែម្តងចាប់តាំងពីលោក គួច ចំរើន បានឡើង ជាអភិបាលខេត្តព្រះសីហនុនេះមក។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍យ៉ាងគំហុក ថ្វីត្បិតតែពិភពលោកកំពុងមាន ជំងឺកូវីដ-១៩ ឆ្លងរីករាលដាលយ៉ាងណាក៏ដោយចុះ។
លោក MIKAMI MASAHIRO បានបន្តទៀតថា កម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ មកដល់ពេលនេះសម្រេចបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេស ខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកន្លែង កំពុងមានការអភិវឌ្ឍន៍ខ្លាំង គួរឱ្យចាប់អារម្មណ៍ មានកំពង់ផែ ដែលមានសក្តានុពល អភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។
រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អ ពិសេសជាមួយកម្ពុជា និងប្រជាជនជប៉ុន ដែលមករកស៊ីនៅខេត្តព្រះសីហនុ រងគ្រោះដោយសារ ការរលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ដោះស្រាយបានទាន់ពេលវេលា។
លោកឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្ត លើបញ្ហាផ្លូវទឹក ប្រព័ន្ធលូ ទឹកស្អុយ ភ្លើងបំភ្លឺផ្លូវ និង មានគម្រោងអភិវឌ្ឍន៍ខេត្តបែបណា ហើយលោកបានថ្លែងអំណរគុណ រដ្ឋបាលខេត្ត ដែលបានសហការ សម្របសម្រួល ក្នុងការចូលចត របស់នាវាកងទ័ពជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលគ្រោងនៅខែសីហា តែនាវានេះអាក់ខាន មិនបានចូលចតនោះទេ ដោយសារមានជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំង នៅពាសពេញពិភពលោក តែទោះជាយ៉ាងណាក៏ដោយ នៅពេលខាងមុខ នឹងមាននាវាជាច្រើនទៀត ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ខេត្តព្រះសីហនុជាខេត្តទេសចរណ៍ ហើយការអភិវឌ្ឍន៍ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវគោកជាដើម។
លោកបន្តទៀតថា តាមលទ្ធភាពឆ្នាំនេះ រដ្ឋបាលខេត្តមាន គម្រោងស្តារប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរំដោះជំនន់ទឹកភ្លៀង ហើយយើងក៏មានបំណងចង់ ចាក់បេតុងជើងទេតាមអូរ ប្រឡាយ តែមិនទាន់មានថវិកាគ្រប់គ្រាន់។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើសុំដល់ លោកអគ្គរាជទូតជប៉ុន ជួយគាំទ្រគម្រោង សាងសង់កំពង់ផែទេសចរណ៍ នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់ មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង តាមរយៈកម្មវិធីជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុនផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុមានសក្តានុពល លើគ្រប់វិស័យ ក៏ប៉ុន្តែមិនទាន់ទំនើប ក្នុងនោះរាជរដ្ឋាភិបាល បានសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះ ដល់វិស័យទេសចរណ៍ និងវិនិយោគ នៅពេលខាងមុខផងដែរ៕